​រកឃើញ​ប្រអប់​ខ្មៅ​ទី​២​របស់​យន្តហោះ​ឥណ្ឌូ​នេស៊ី​ដែល​ធ្លាក់​ស្លាប់​១៨៩​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2018 ក+ ក-

​ឥណ្ឌូណេស៊ី ៖ ក្រុម​ពំនា​ញ​មុជទឹក បាន​រកឃើញ​ប្រអប់​ខ្មៅ​ទី​២ ដែល​កត់ត្រា​អំពី​ទិន្នន័យ​អំពី​ការហោះហើរ​របស់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air របស់​ឥណ្ឌូណេស៊ី តែ​ប្រអប់​នេះ​បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ជាហេតុ​ធ្វើឱ្យ​ដំណើរការ​ស៊ើបអង្កេត របស់​ឥណ្ឌូណេស៊ី​ជួបប្រទះ​ការលំបាក​ច្រើន​ទៀត​។​

​លោក Haryo Satmiko អនុប្រធាន​គណៈកម្មាធិកា​រ​សុវត្ថិភាព​គមនាគមន៍​ជាតិ​ឥណ្ឌូណេស៊ី​ប្រាប់ Reuters ថា យើងខ្ញុំ​នៅ​ពុំទាន់​អាច​ទាញយក (Download) ពី​ប្រអប់​ខ្មៅ​បានឡើយ​ទេ ព្រោះ​ផ្នែក​មួយចំនួន​ត្រូវ​បែកខ្ទេច​»​។ អ្នកជំនាញ​រូបនេះ​លើកឡើងថា ការដែល​ប្រអប់​ខ្មៅ​រង​សភាព​ខូចខាត​បែបនេះ ធ្វើឱ្យ​ដំណើរការ​ស៊ើបអង្កេត​ពិត​ជា​លំបាក​។ លោក​Satmiko ប្រាប់ថា សមត្ថកិច្ច​ឥណ្ឌូណេស៊ី​កំពុង​រង់ចាំ​ជំនួយ​ពី​អ្នកជំនាញការ​អាមេរិក ឬ​ក្រុមហ៊ុន Boeing ដើម្បី​ដោះស្រាយ​ឧបសគ្គ​ខាងលើ​។​

​ប្រអប់​ខ្មៅ​ដែល​រកឃើញ​នៅ​បាតសមុទ្រ​កាលពី​ម្សិលមិញ​នេះ ត្រូវបាន​គេ​ផលិតឡើង​មាន​សមត្ថភាព​ការពារ​ការប៉ះទង្គិច​ខ្លាំង​បាន ប៉ុន្តែ​ការខូចខាត​ជាក់ស្តែង​បង្ហាញឱ្យឃើញថា​កម្លាំង​ប៉ះទង្គិច​ពេល​យ​ន្តះ​ហោះ​ធ្លាក់ចុះ​សមុទ្រ​ពិតជា​ខ្លាំង​សម្បើម​ណាស់ ធ្វើឱ្យ​ប្រអប់​ខ្មៅ​រង​ការខូចខាត​បែបនេះ​។ ការប៉ះទង្គិច​យ៉ាងនេះ​ទើប​ធ្វើឱ្យ​យន្តហោះ​បែក​ជា​បំណែក​តូចៗ ហើយ​សាកសព​ជនរងគ្រោះ​ក៏​ដូចគ្នា​ដែរ​។​

​សូមជម្រាបថា យន្ដហោះ Boeing 737 MAX 8 មាន​ជើងហោះហើរ​លេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មាន​ផ្ទុក​មនុស្ស​១៨៩​នាក់ ក្នុងនោះ​រួមមាន​មនុស្ស​វ័យ​ជំទង់​១៧៨​នាក់​, កុមារ​ម្នាក់​, ទារក​០២​នាក់​, ពី​ឡុ​ត ០២​នាក់ និង​ក្រុម​សហសេវិក ០៦​នាក់​ផ្សេងទៀត​បាន​ធ្លាក់ចូល​ទឹកសមុទ្រ​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ ក្នុងអំឡុងពេល​ហោះហើរ​ពី​រដ្ឋធានី​ហ្សា​ការ​តា ទៅកាន់​ទីក្រុង ផាង​កាល ភី​ណា​ង (Pangkal Pinang) កោះ​បាង​កា (Bangka) របស់​ឥណ្ឌូណេស៊ី​៕