ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី Annick Girardin រដ្ឋលេខាធិការ ក្រសួងការបរទេសបារាំង ទទួលបន្ទុកការអភិវឌ្ឍ និងប្រទេសប្រើប្រាស់ ភាសាបារាំង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ហិរញ្ញប្បទាន ចំនួន ៤ ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចព្រមព្រៀងនេះ បានធ្វើឡើង ក្នុងក្របខ័ណ្ឌ នៃឯកសារតម្រង់ទិស ភាពជាដៃគូ បារាំង-កម្ពុជា ឆ្នាំ២០១៥-២០១៨ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃដដែល រវាងលោកស្រី អានិក ហ្សីរ៉ាដាំង និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ អាទិភាពមួយ នៅក្នុងចំណោមអាទិភាពនានា នៃភាពជាដៃគូនេះ គឺការគាំទ្រដល់វិស័យសក្តានុពល នៃសេដ្ឋកិច្ចកម្ពុជា។
កិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្បទាន ទីមួយ ដែលមានទឹកប្រាក់ ៣៥ លានអឺរ៉ូ ត្រូវបានចុះហត្ថលេខាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់គម្រោងជួលជុលផ្លូវជនបទ ប្រវែង ១.២០០ គឺឡូម៉ែត្រ នៅក្នុងខេត្តចំនួន ៩ ជុំវិញបឹងទន្លេសាប ។
គម្រោងដែលផ្តល់ហិរញ្ញប្បទាន រួមគ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៊ីនេះ នឹងជួយសម្រួលដល់ ការដឹកជញ្ជួនស្រូវ ដែលផលិតបាន នៅក្នុងខេត្តកសិកម្ម ខាងលើ ក៏ដូចជាជួយពង្រឹង ភាពប្រកួត ប្រជែង នៃវិស័យស្រូវ-អង្ករ ដែលជាកសិផលយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ទេសចរណ៍ ដែលជាសសរស្តម្ភមួយទៀត សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ក៏ទទួលបានការគាំទ្រពី ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ផងដែរ តាមរយៈជំនួយឥតសំណង ១,៥ លានអ៊ឺរ៉ូ សម្រាប់ពង្រឹងស្ថាប័នអាជីព ក្នុងវិស័យនេះ (ភោជនីយដ្ឋាន សណ្ឋាគារមគ្គុទេសក៍។ល។) និងជួយក្រសួងទេសចរណ៍ តាក់តែងយុទ្ធសាស្ត្រ រយៈពេលមធ្យម និងវែង រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ។ វិស័យទេសចរណ៍ គឺជាអាទិភាពមួយ នៃភាពជាដៃគូ រវាងប្រទេសបារាំង និងកម្ពុជា ដែលនឹងស្តែងចេញ នាពេលខាងមុខ តាមរយៈការផ្តល់ហិរញ្ញប្បទានថ្មី មួយទៀត របស់ទីភ្នាក់ងារ AFD សម្រាប់គម្រោងសាងសង់ និងដាក់អោយដំណើរការ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈទេសចរណ៍ចំនួនពីរ ស្ថិតក្រោមការគ្រប់គ្រងរួមគ្នា របស់ក្រសួងទេសចរណ៍ និងអង្គការវិជ្ជាជីវៈទេសចរណ៍។
កិច្ចព្រមព្រៀងចុងក្រោយ គឺជាអនុស្សរណៈ នៃកាយោគយល់មួយ ដែលត្រូវបានចុះហត្ថលេខាជាមួយ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជ ធំជាងគេនៅកម្ពុជា ដើម្បីដាក់អោយដំណើការយន្តការធានាកម្ចី ARIZ ។ តាមរយៈយន្តការនេះ ទីភ្នាក់ងារ AFD នឹងធ្វើការធានាមួយផ្នែក ទៅលើកម្ចីផ្តល់ដោយ អេស៊ីលីដា ដែលកត្តានេះ នឹងជួយសម្រួលអោយ សហគ្រាសខ្នាតតូច និងមធ្យម ងាយទទួលបានឥណទានធនាគារ។
ការផ្តល់ហិរញ្ញប្បទានថ្មីៗ ទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្ត របស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងការបន្តជួយជ្រោមជ្រែង ការអភិវឌ្ឍ និងភាពប្រកួតប្រជែង នៃវិស័យសំខាន់ៗ របស់សេដ្ឋកិច្ចកម្ពុជា ហើយក៏បញ្ជាក់ផងដែរ ពីតួនាទីដ៏លេចធ្លោរបស់ AFD ដែលបានសន្យា ផ្តល់ជំនួយជិត ១០០ លានអឺរ៉ូ ដល់កម្ពុជាកាលពីឆ្នាំ២០១៤៕fpm.