​ទឹកទន្លេ​សាប និង​ចតុម្មុខ នៅ​ថ្ងៃ​បុណ្យអុំទូក មាន​កម្ពស់​ទាប និង​ហូរ​ខ្លាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2018 ក+ ក-

​ភ្នំពេញ ៖ ទឹកទន្លេ​សាប នៅមុខ​ព្រះបរមរាជវាំង ដែល​បាន​ស្រក ចុះ​លឿន​ជា​លំដាប់ ដោយសារ​ទឹកទន្លេ​មេគង្គ គ្មាន​ជំនន់​លើក​ទី​២ និង​ម្យ៉ាង​ដោយសារ​ពេលនេះ ជា​ខែរនោច ទឹកសមុទ្រ​នាជ​ខ្លាំង​។ ទោះជា​យ៉ាង​ដល់​អំឡុង​ថ្ងៃ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ទឹកទន្លេ​សាប នៅមុខ​ព្រះបរមរាជវាំង​នៅសល់​ក្នុង​រង្វង់​កម្ពស់ ៥​ម៉ែត្រ និង​មាន​ចរន្តទឹក​ហូរ​ចេញ​ខ្លាំង​។​

​ទឹកទន្លេ​សាប នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បាន​ហូរ​ចេញ​ខ្លាំង​ពេញបន្ទុក និង​ស្រក​លឿន ដោយសារ​ទឹកទន្លេ​មេគង្គ គ្មាន​ជំនន់​លើក​ទី​២​។ ទឹកទន្លេ​មេគង្គ នៅ​ដើមខែ​វិច្ឆិកា នេះ ស្រក​ចុះ​យ៉ាងខ្លាំង​មួយថ្ងៃ ជិត​មួយ​តឹក ដែល​ធម្មតា ទឹក​នៅ​ស្ថានីយ​ជលសា​ស្ត្រ​ទន្លេបាសាក់​ចតុមុខ ស្រក​ចុះ​ក្នុង​មួយថ្ងៃ តែ​ពី ពីរ​ទៅ​បួន​ហ៊ុន​ទេ តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មួយថ្ងៃ​ទឹក​ស្រក​មួយ​តឹក​។ នេះ​បើតាម​ឲ្យ​ដឹង​របស់លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម​។​

​លោក​ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹង​ទៀតថា ទឹក​បឹង​ទន្លេសាប​នៅ​ខ្ពស់ ឯ​ទឹកទន្លេ​មេគង្គ ស្រក​ចុះ​ទាប​ខ្លាំង បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុនៗ ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​ចេញពី​បឹង​ទន្លេសាប មាន​កម្លាំង​ខ្លាំង​។ ធម្មតា​ទឹកទន្លេ​មេគង្គ ក្នុង​មួយ​រដូវវស្សា មាន​ជំនន់​ពីរដង តែ​នៅ​ឆ្នាំនេះ មាន​ជំនន់​កើតឡើង​តែម្តង រួច​ក៏​ចាប់ផ្តើម​ស្រក​ចុះ​រហូត​តាំងពី​ចុងខែ​កញ្ញា​មក​។

​ទោះបីជា​យ៉ាងណា ក៏​ក្នុងអំឡុងពេល​បុណ្យអុំទូក​ខាងមុខ ទឹក​នៅក្នុង​ទន្លេ កន្លែង​ប្រារព្ធ​ពិធីបុណ្យ​នេះ នៅសល់​កម្ពស់​ក្នុង​រង្វង់ ៥​ម៉ែត្រ​ដែរ ដែលជា​កម្ពស់​ទឹក​កម្រិត​ទាប តែ​នៅ​ឆ្នាំ​ខ្លះ បុណ្យអុំទូក មានទឹក​នៅសល់តែ​ជាង ៤​ម៉ែត្រ ក៏មានដែរ​។​

​សូមជម្រាបថា ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា គឺ​ចំពេល​ស្ថានភាព​ទឹកទន្លេ នៅសល់​កម្ពស់​ទាប និង​ហូរ​ខ្លាំង​៕