​លោក អ៊ូ ច័ន្ទ​រ័ត្ន ស្នើ​ដោះលែង « អតីត​សកម្មជន​CNRP » ក្នុង​ថ្ងៃ​បុណ្យជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2018 ក+ ក-

​ភ្នំពេញ ៖ ខណៈដែល​រដ្ឋាភិបាល​ស្នើសុំ​ការបន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីតមន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប បាន​អំពាវនាវ​ទៅ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ធ្វើការ​ត្រួតពិនិត្យ​លើកលែងទោស និង​ទម្លាក់​ការ​ចោទ​ឱ្យ​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ នេះបើតាមហ្វេសប៊ុក របស់លោក អ៊ូ ច័ន្ទរ័ត្ន នៅថ្ងៃទី២ ខែវិច្ឆិកា ។

​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​លើកឡើងថា អ្នក​ជាប់ឃុំ​ជា​អតីត​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​មានដូចជា​៖ លោក ចៅ វាសនា អតីត​ចៅសង្កាត់​ប៉ោយប៉ែត បន្ទាយមានជ័យ​,​លោក បាន ភាព​អតីត​ក្រុមប្រឹក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប ,​លោក អ៊ី ស្មា​អ៊ែ​ល បិ​ន​ឧស្ម័ន ខេត្ត​ត្បូងឃ្មុំ ,​លោក ឌិន វុទ្ធី ខេត្តបន្ទាយមានជ័យ ,​លោក សៀង សឿន មេឃុំ​សាមគ្គី​ខេត្តកំពង់ធំ ,​លោក ទូច ម៉ា​រី​ន សមាជិក​ឃុំ​សាមគ្គី ខេ​ត​កំពង់ធំ , លោក លីម ប៊ុន​នី មេឃុំ​កៀន​ជ្រៃ ខេត្តកំពង់ចាម និង​លោក អ៊ុក ចេ​ត្ត​នី ចៅសង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​គួរ​បញ្ជាក់ថា ជាទូទៅ នៅ​អំឡុង​នៃ​ពិធី​បុណ្យជាតិ​ធំៗ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ស្នើសុំ​ឲ្យ​ត្រួតពិនិត្យ​លើ​ការបន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​មួយចំនួន ដូចជា​នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​បុណ្យអុំទូក​ខាងមុខនេះ មាន​ទណ្ឌិត​ប្រមាណ​ជាង​៥០០​នាក់ ត្រូវបាន​លើកលែង និង​បន្ធូរ​បន្ថយទោស​៕