លោក​ហោ ណាំហុង បំភ្លឺ​ជាថ្មី​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2015 ក+ ក-

​ភ្នំពេញ​៖ វេទិកា​តុមូល​ដែលមាន​រយៈ ពេល​ជិត​៥០​នាទី​នៅ​ថ្ងៃទី​២១​ឧសភា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើ​យក​បញ្ហា​រសើប​ស្តីពី​ព្រំដែន កម្ពុជា​-​វៀតណាម មក​ពិភាក្សា និង​បំភ្លឺ​ជាថ្មី​ម្តងទៀត​បន្ទាប់ពី​ប្រជាពលរដ្ឋ​កម្ពុជា​និង​អង្គការ​សង្គម​ស៊ីវិល ចោទប្រកាន់ថា​វៀតណាម​រំកិល​បង្គោលព្រំ​ដែន​។​

​វេទិកា​នេះ មានការ​ចូលរួម​ពី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៅ​កម្ពុជា លោក ឡុង វី​សា​ឡូ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមាន​ការសម្របសម្រួល​ពី​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បកស្រាយ​ថា ប្រជាពលរដ្ឋ​កម្ពុជា ពិតជា​បាន​ដាំ​ដំណាំ​ហួស​ចូល​បង្គោល​ព្រំដែន​ក្នុង​ទឹកដី​វៀតណាម នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រវែង​១៦.០៦​ហិច​តា​មែន​។​លោក ហោ ណាំហុង មានប្រសាសន៍​បែបនេះ ដោយ​សំអាង​លើ​ផែនទី និង​ឯកសារ​សំគាល់​ជាច្រើន​ទៀត​។​

លោក ហោ ណាំហុង បាន​បន្តថា បើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តាំងចិត្ត​ប្រើប្រាស់ និង​អនុវត្ត​វប្បធម៌​សន្ទនា នៅក្រោយ​ទទួល​លិខិត​របស់លោក​រួចហើយ ករណី​មាន​ចង្ងល់ តំណាងរាស្ត្រ​ទាំងនោះ អាច​សាកសួរ​រូបលោក រឺ​លោក​វ៉ា គឹមហុង​បន្ថែមទៀត​។​

ការខ្វែងគំនិត​គ្នា​រឿង​ព្រំដែន​នៅ​ចំណុច​ឃុំ​ជាំ ស្រុក​មេមត់ នេះ កើតឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​កម្ពុជា ចោទប្រកាន់​កាលពីពេល​ថ្មីៗ​ថា វៀតណាម បាន​បាញ់​ថ្នាំពុល​ធ្វើ​ឲ្យ​ខូច​ដំណាំ​កសិកម្ម​។ ក៏ប៉ុន្តែ​ភ្លាមៗ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ប្រតិកម្ម​វិញ ដោយ​អះអាងថា ការពិត​ពលរដ្ឋ​កម្ពុជា បានធ្វើ​ស្រែ​ចូល​ដី​វៀតណាម ជាង ១៦​ហិកតារ ទៅវិញ​ទេ​។

​ទាំង​លោក វ៉ា គឹមហុង និង​លោក ហោ ណាំហុង សុទ្ធតែ​បាន​អះអាងថា ការកំណត់​ព្រំដែន​រវាង​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម​នេះ គឺ​យោង​លើ​ផែនទី​ដែល​អតីតព្រះមហាក្សត្រ គឺ​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ តម្កល់​នៅ​អង្គការសហប្រជាជាតិ​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ​។ ដោយឡែក ទីតាំង​ដែលមាន​ជម្លោះ​នោះ គឺជា​ចំណុច​ដែលមាន​ការកែតម្រូវ​ខ្លះៗ និង​ព្រមព្រៀង​ជាមួយ​វៀតណាម រួចរាល់​ហើយ ដែលមាន​ផ្ទៃដី​ប្រមាណ ១០០​ហិកតា​។ ក៏ប៉ុន្តែ អ្វីដែល​នាំ​ឲ្យ​មាន​ជម្លោះ​នេះ គឺ​ពលរដ្ឋ​កម្ពុជា ធ្វើ​ហួស​ពី​ការកែតម្រូវ​របស់​គណៈ​កម្ម​ការ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ហើយ​ពលរដ្ឋ​កម្ពុជា ធ្វើ​ចូល​ដី​វៀតណាម ថែមទៀត​រហូត​ជាង ១៦​ហិកតា ទៅក្នុង​ទឹកដី​វៀតណាម​។​

បើទោះជា​យ៉ាងនេះ​ក៏ដោយចុះ ក៏​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ផង លោក ម៉ៅ ពិសេស យល់ឃើញថា ការឆ្លើយបំភ្លឺ​ណាមួយ​របស់​មន្ត្រី​ជំនាញ​ដែលជា​តំណាង​ឲ្យ​ភាគី រដ្ឋាភិបាល​នោះ គឺ​វា​ពុំបាន​ផ្អែកលើ​ការពិត​អ្វី​ឡើយ​។ លោក​ចាត់ទុក​ផ្ទុយទៅវិញ​ថា ការបកស្រាយ​នោះ គឺ​គ្រាន់តែ​ធ្វើឡើង​ដើម្បី​បិទបាំង​ពី​ភាពខុស​ឆ្គង​ក្នុង​រឿង​ព្រំដែន នេះ​ប៉ុណ្ណោះ​៖ «​ខ្ញុំ​អាច​យល់បាន​ថា អ្វីដែល​គាត់​លើកឡើង​គឺ​ផ្តោតទៅលើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ នៃ​ការបោះបង្គោល​ព្រំដែន ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​ទឹកដី​»​។​

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ឆ្លើយ​សំណួរ​របស់លោក ផៃ ស៊ី​ផាន នៅក្នុង​ពិភាក្សា​តុមូល​នោះ​ថា ការកំណត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ គឺ​ពុំបាន​ប្រើប្រាស់​តាម​សន្ធិសញ្ញា​បំពេញបន្ថែម​ណាមួយ​ឡើយ​។ លើសពីនេះ​ទៀត សន្ធិសញ្ញា​បំពេញបន្ថែម​នេះ​ទៀតសោត ក៏​ពុំមាន​លទ្ធភាព​ណាមួយ​ក្នុង​ការកំណត់​ផែន​ទីនោះ​ទៀតផង​៖ «​សន្ធិសញ្ញា បំពេញបន្ថែម​ឆ្នាំ​២០០៥ មាននិយាយ​ពី​ផែនទី​កាលណា​។ រួច​គាត់​ថា យក​ផែនទី​ឆ្នាំ​១៩៨២ ១៩៨៣ ១៩៨៥ និង​ឆ្នាំ​២០០៥​។ គាត់​គិតថា ធ្វើ​សន្ធិសញ្ញា​មួយ ធ្វើ​ផែនទី​មួយ​»៕abgfd