កម្ពុជា​រំឭក​ខួប​៦៥​ឆ្នាំ ​នៃ​ការចាកចេញ​ពី​អាណានិគម​បារាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2018 ក+ ក-

​ភ្នំពេញ ៖ ទិវា​បុណ្យ​ឯករាជ្យ ត្រូវបាន​ប្រារព្វ​ឡើង ស្របគ្នា​ទៅនឹង​ថ្ងៃកំណើត​លើក​ទី​៦៤ នៃ​កង​យោពល​ខេមរៈភូមិន្ទ​ផងដែរ​។ នេះ​ជាការ​ចងចាំ​ជានិច្ច​នូវ​ឧបការគុណ​យុទ្ធជន យុទ្ធ​នារី បុព្វបុរស​ដែល​បាន​បូជាជីវិត​ដើម្បី​ជាតិ និង​ប្រជារាស្ត្រ​។ នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ព្រះរាជធិបតីភាព ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី រួម​នឹង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥(៩​វិច្ឆិកា ១៩៥៣-៩​វិច្ឆិកា ២០១៨) នៅ​វិមានឯករាជ្យ​។​

​គួររំលឹកថា ឆ្នាំ​១៩៥៣ គឺជា​ឆ្នាំ​ដែល​ប្រជា​ជាតិខ្មែរ ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ព្រះមហាវីរក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ ទទួលបាន​ជោគជ័យ ធ្វើ​ឲ្យ​ប្រទេស​បារាំង​ផ្ទេរអំណាច និង​សមត្ថកិច្ច​ទាំងស្រុង​មក​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​រដ្ឋបាល​ស៊ីវិល តុលាការ នគរបាល ទាហាន ការទូត នយោបាយ​ក្នុងប្រទេស និង​ក្រៅប្រទេស​មកអោយ​ខ្មែរ​វិញ​។​

​ចាប់តាំងពី​ពេលនោះ​មក ប្រទេស​កម្ពុជា តែងតែ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ ដែលមាន​ពិធី​ប្រទាន​ភ្លើង​ទៀនជ័យ រំឭក​គុណ​អ្នក ស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត​ដើម្បី​ឯករាជ្យ​ពី​ពួក​អាណានិគម​បារាំង ហើយ​ពិធីបុណ្យ​ត្រូវបានធ្វើ ឡើងជា​រៀងរាល់់ឆ្នាំ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃទី​១១ វិច្ឆិកា ជា​កំណត់​។ ថ្ងៃ​៩ វិច្ឆិកា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និង​មន្ត្រីរាជការ បាន​ឈប់សម្រាក​ផងដែរ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​ដ៏​ឧតុង្គ​ឧ​ត្ត​ម​នេះ​៕