ប្រវត្តិ​ទាមទារ​បញ្ឈប់​សន្ធិសញ្ញា​អាណាព្យាបាល​ពី​ប្រទេស​បារាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2018 ក+ ក-

​ភ្នំពេញ ៖ ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​របស់​អតីត​ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ បានធ្វើ​ឡើងជា​មួយ​ប្រទេស​បារាំង ដោយបាន​ចរចា​ផ្ទេរ​អធិបតេយ្យភាព​មកឱ្យ​កម្ពុជា​បន្ទាប់ពី​ព្រះអង្គ​បានធ្វើ​យុទ្ធនា​ការតស៊ូ​ជាច្រើន​ឆ្នាំ​។​

​កម្ពុជា បាន​ស្ថិតនៅក្រោម​អាណាព្យាបាល​ប្រទេស​បារាំង​ពីថ្ងៃ​ទី​០៨ ខែវិច្ឆិកា​ឆ្នាំ​១៨៦៣ រហូតដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​ប្រទេស​កម្ពុជា ក្រោម​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ។​

​នៅក្នុង​ឆ្នាំ​១៩៤៩ ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បានទាមទារ​ឱ្យ​ប្រទេស​បារាំង បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤ ។ នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​ទ្រង់​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់ នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

​សន្ធិសញ្ញា​ដែល​ចុះ​នៅ​ឆ្នាំ​១៩៤៩ គឺ​ប្រើប្រាស់​សម្រាប់​លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤ ។​
​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៥២ សម្ដេច​ព្រះបាទ​នរោត្តម សីហនុ ទ្រង់​បាន​ថ្លែង​ជា​ឱឡារិក​ថា ព្រះអង្គ​នឹង​ខិតខំ​ស្វែងរក​ឯករាជ្យ​បរិបូរណ៍​ជូន​ជាតិ​មាតុភូមិ​ឱ្យបាន​ដាច់ខាត ក្នុង​រយៈពេល​៣​ឆ្នាំ​យ៉ាងយូរបំផុត ។ ក្នុងពេលនោះ ដោយមាន​សហការី ជួយ​គាំទ្រ​ផង ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ប្រទេស​បារាំង ក្នុង​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​១៩៥៣ ដើម្បី​ដើម្បី​ទាមទារ​ឯករាជ្យ​របស់​កម្ពុជា​ជាមួយ​ប្រមុខរដ្ឋ​បារាំង ។

​ព្រះអង្គ​បាន​ផ្ញើ​សារលិខិត ជូន​លោក វ៉ាំ​ង​សង់ អូ​រី​យ៉ូ​ល ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង​ចំនួន​៣​លើក លើក​ទី​១ នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​, លើក​ទី​២ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​ដដែល និង​លើក​ទី​៣ នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​១៩៥៣ ពី​ទីក្រុង​ផុង​តែ​ណឺ​ប្លូ ។

​គ្រានោះ រដ្ឋាភិបាល​បារាំង​ពុំបាន​អើពើ​ទៅនឹង​សំណើ​នោះឡើយ ព្រះអង្គ​ទ្រង់​ក៏​សម្រេច​ព្រះទ័យ​យាង​ចាកចេញ​ទៅធ្វើ​យុទ្ធនាការ​ទាមទារ​ឯក​រាជ្យ នៅក្នុង​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​១៩៥៣ ។​
​នៅ​ទីក្រុង​ម៉ុង​រេ​អាល់ ប្រទេស​កាណាដា សម្ដេចព្រះ​នរោត្តម សីហនុ បាន​ថ្លែង​ទៅ​អ្នកសារព័ត៌មាន ដោយបាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​ពីរ ទាក់ទង​នឹង​រាជាណាចក្រ​កម្ពុជា​និង​ប្រទេស​បារាំង ដែលជា​តំណាង​ប្រទេស​លោក​សេរី​ក្នុង​ឥណ្ឌូចិន ចំណុច​ទី​១ គឺ​បញ្ហា​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​កុ​ម្មុយ​នី​ស និង​ចំណុច​ទី​២ គឺ​បញ្ហា​ឯករាជ្យ​បរិបូរណ៍​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ។

​ព្រះអង្គ​ទ្រង់​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ពុំ​ត្រូវការ​របប​កុ​ម្មុយ​នី​ស​ទេ ព្រោះថា​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ សុទ្ធ​តែមាន​ដីធ្លី​ជា​កម្មសិទ្ធិ​សម្រាប់​បង្កបង្កើនផលរ​បស់​ខ្លួន ។ បញ្ហា​ដែល​គេ​ចង់បាន​នោះ គឺ​ឯករាជ្យ​បរិបូរណ៍ សម្រាប់​ប្រទេសជាតិ ។ ចំណែក​ពួក​កុ​ម្មុយ​នី​ស​គេ​មើលឃើញថា ប្រទេស​កម្ពុជា​ជាទី​តាំង​មួយ​ប្រសើរ​សម្រាប់​ពួកគេ ។​

​ដោយឡែក នៅ​សហរដ្ឋអាមេរិក ព្រះអង្គ​ទ្រង់​ក៏បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ ដែល​ត្រូវបាន​សារព័ត៌មាន​ដ៏​ធំ​មួយ ឈ្មោះ​ញូវយ៉ក​ថែម ចុះផ្សាយ​ក្នុង​ទំព័រ​ទី​១​របស់គេ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៥៣ លាន់ឮ​ខ្ទរខ្ទារ​ដែល​ធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល ។

​ខ្លឹមសារ​នៃ​អត្ថបទ​នោះ​គឺ «… បើ​បារាំង​មិន​យល់ព្រម​ប្រគល់​ឯករាជ្យ​ឱ្យ​កម្ពុជា​ទេ នោះ នឹងមាន​គ្រោះថ្នាក់​មួយ​យ៉ាងពិត​ប្រាកដ គឺថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ក្រោកឈរឡើង​ប្រឆាំងនឹង​បារាំង ហើយ​គេ​នឹង​ងាក​ទៅរក​ចលនា​វៀត​មិញ ដែល​ដឹកនាំ​ដោយ​ពួក​កុ​ម្មុយ​និ​ស​» ។ ព្រះ​បរម​រតន​កោដ្ឋ​បាន​លើកឡើងថា ក្នុងករណី​មានការ​គំរាមកំហែង ប្រជាពលរដ្ឋ​ប្ដេជ្ញា​ថា «​ពួក​បារាំង​ទាំងអស់ ដែល​នៅក្នុង​ស្រុក​ខ្មែរ​នឹងត្រូវ​ឡោមព័ទ្ធ ហើយ​ជីវិតចុងក្រោយ​របស់​ពួកគេ​នឹង​មកដល់ …» ។​

​ព្រះ​បញ្ញាញាណ​ខាងលើនេះ បានធ្វើឱ្យ​មតិ​សកលលោក ពិសេស​លោកខាងលិច តម្រូវឱ្យ​រដ្ឋាភិបាល​បារាំង​ព្រម​ចូលរួម​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ឯករាជ្យ​បរិបូរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការចរចា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​ឈានទៅដល់​សំណើ​មួយ​ដែល​ធ្វើឡើង​ដោយមាន​ប្រទេស​បារាំង​យល់ព្រម​ផ្តល់​សម្បទាន​ដ៏​សំខាន់​ខ្លះ​ដល់​កម្ពុជា ។ ព្រះអង្គ​ទ្រង់​ក៏​យាង​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ដើម្បី​ជួប​ជាមួយ​សហសេវិក និង​នាយករដ្ឋមន្ត្រី​របស់​ព្រះអង្គ ។ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៥៣ ព្រះអង្គ​ទ្រង់​បាន​សន្យា​យ៉ាង​មហោឡារិក ពី​ព្រះទីនាំង​ចន្ទ​ឆាយា​ថា «​ព្រះអង្គ​នឹង​បូជាជីវិត​ដើម្បី​ដណ្តើមយក​ឯករាជ្យ​ឱ្យបាន​១០០ ភាគរយ​» ។

​ដើម្បី​គាំពារ​នូវ​ព្រះរាជ​បូជនីយកិច្ច​នេះ ព្រះអង្គ​ទ្រង់​បាន​បង្កើត​កងកម្លាំង​ជីវពល និង​កងនារីក្លាហាន ។ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​១៩៥៣ អធិបតេយ្យ​ទាំងមូល​លើ​ផ្នែក​ការទូត ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការប្តូរ​លិខិត​រវាង​រដ្ឋាភិបាល​បារាំង និង​រាជរដ្ឋាភិបាល​កម្ពុជា​៕