ត្រៀម​គ្រូពេទ្យ​ជិត ៨០០​នាក់ រថយន្ត​ចល័ត​សង្គ្រោះ ១៥​គ្រឿង ក្នុង​ថ្ងៃបុណ្យ​អុំទូក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2018 ក+ ក-

​ភ្នំពេញ ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៨ នេះ នឹងមាន​មហាជន​ចូលរួម​យ៉ាងច្រើន​កុះករ អាច​នឹង​ច្រើនជាង​រៀងរាល់ឆ្នាំ គឺ​ដោយសារតែ​សេដ្ឋកិច្ច មានការ​រីកចម្រើន ស្ថានភាព​នយោបាយ​ល្អ មធ្យោបាយ​ធ្វើដំណើរ​សំបូរបែប ប្រព័ន្ធ​គម​នា​គម​ន៏​ល្អ និង​ត​ភ្ជាប់​ពី​ទីជនបទ​ទៅ​ទីប្រជុំជន ខ្វែងខ្វាត់​គ្រប់​ទីកន្លែង ផ្តល់​ជា​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​មក​ចូលរួម​កំសាន្ត​ព្រះរាជ​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​នេះ​។​

​ដើម្បី​ឆ្លើយតប​នឹង​ចំនួន​មនុស្ស​ដ៏​ច្រើន​កុះករ​នោះ អាជ្ញាធរ​គ្រប់​ស្ថាប័ន ដែល​ពាក់​ព​ន្ធ័ បាន​ត្រៀម​រៀបចំ​ផែនការ​លើសពី​ឆ្នាំមុនៗ ជាក់ស្តែង​ឆ្នាំនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ត្រៀមកំលាំង​យ៉ាងច្រើន​ស​ន្ទឹ​ក​សន្ធាប់ ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ។ ក្នុងនោះ ផ្នែក​សុខាភិបាល បានរៀបចំ​ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​ជួយសង្គ្រោះ និង​ព្យាបាល ជូន​ពលរដ្ឋ​នៅពេល​មាន​ជំងឺ​ដ​ង្កា​ត់​អ្វី​កើតឡើង ។​

​លោក​វេជ្ជ​ប​ណ្ឌឹ​ត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឱ្យដឹងថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំនេះ ដោយមាន​ការណែនាំ​ពី​ក្រសួងសុខាភិបាល និង​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​ផែនការ​ពង្រាយ​ក្រុមគ្រូពេទ្យ​គោលដៅ​ទីតាំង​សេវា​សុខាភិបាល (​ស្តង់​សុខាភិបាល​) ដែលមាន​ក្រុមគ្រូពេទ្យ​រងចាំ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ។​

​លោក​វេជ្ជបណ្ឌិត​បន្តថា ក្នុង​រយៈពេល​បួន​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​នោះ មាន​ការបោះ​ស្តង់​សម្រាប់​ពិនិត្យ និង​សង្គ្រោះ​បឋម ចំនួន​៨​ស្តង់ មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ ចំនួន​១៥​ក្រុម និង​ក្រុមគ្រូពេទ្យ​ចល័ត ចំនួន​១៦​ក្រុម ដែលមាន​ក្រុមគ្រូពេទ្យ​សរុប​ប្រមាណ​៨០០​នាក់ ប្រចាំការ​ប្តូរ​វេន​គ្នា ដើម្បី​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ ក្នុងនោះ ក្រុមគ្រូពេទ្យ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អនាម័យ ចំណីអាហារ និង​ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺអេដស៍​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​សប្បាយភាព ។​

​វេជ្ជ​ប​ណ្ឌឹ​ត រូបនេះ​ឲ្យ​ដឹង​ទៀតថា ការបោះ​ស្តង់​ពិនិត្យ និង​ព្យាបាល​សង្គ្រោះ​បឋម ជូន​បងប្អូន ក្នុង​ដំណើរ​កម្សាន្ត នៃ​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​៣​ថ្ងៃនោះ មាន​ទីតាំង​ដូច​ខាងក្រោយ ទី​១​ស្តិ​ត​នៅ​កោះ​ពេជ្រ ទី​២- ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ទី​៣- បរិវេណរ​ណ​សិ​រ្យ ផ្នែក​ខាងកើត ទី​៤-​នៅមុខ​ព្រះ​គម្លង់ ទី​៥-​នៅ​ផែ​ថ្ម​ខាងជើង​ភោជនីយដ្ឋាន​ទី​តា​និក ទី​៦-​នៅ​ទីលាន​ប្រជាធិបតេយ្យ ទល់មុខ​ឃ្លាំង​សាំង​សូ​គី​មិច ទី​៧- នៅ​ត្រើយ​ខាងកើត ទន្លេសាប នៅ​ខាងជើង​គល់ស្ពាន​ជ្រោយចង្វារ និង​ទី​៨-​ស្ថិតនៅ​រង្វង់​មូល​នាង​មច្ឆា​គល់ស្ពាន​បេ​ឡេ​។​

​ជាមួយគ្នា​នោះដែរ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅពេល​មាន​អកា​រៈ ធី​ង​ធោ​ង វិលមុខ ក្អួតចង្អោ ឬ​បញ្ហា​សុខភាព​កើតឡើង ដោយ​ប្រការ​ណាមួយ សូម​ប្រ​ញ៉ាប់​ស្វែងរក​ស្តង់​សុខាភិបាល ដើម្បី​បាន​សំរាក​និង​ព្យាបាល​ជំងឺ ដោយ​ឥត​គិត​ថ្ងៃ ដែលមាន​គ្រួ​ពេទ្យ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​។ ក្រៅពី​ស្តង់ រង់ចាំ​ពិនិត្យ​ព្យាបាល ក៏មាន​រថយន្ត​ចាំ​សង្គ្រោះ និង​ដឹក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ ដែលមាន​ក្រុមគ្រូពេទ្យ​ប្តូរ​វេន​គ្នា ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង និង​មាន​រយៈពេល​បួន​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​២០ ដល់​ថ្ងៃ​២៣​ខែវិច្ឆិកា រយៈពេល​៤​ថ្ងៃ តែម្តង​៕