ទណ្ឌិត​១០០​នាក់ ទទួលបាន​ការបន្ថយ​ទោស និង​លើកលែងទោស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2018 ក+ ក-

​ភ្នំពេញ ៖ លោក សន កែវ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​ថ្លែងថា អ្នកទោស​ប្រមាណ ១០០​នាក់​ថ្មី ទៀត ទទួលបាន​ការលើកលែង​ទោស និង​បន្ធូរ​បន្ថយទោស​សម្រាប់​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យអុំទូក ខាងមុខ​។​

​លោក សន កែវ បញ្ជាក់ថា « ខ្ញុំ​មិន​ប្រាកដថា តើ​មាន​សមាជិក​អតីត​គណបក្សប្រឆាំង​មួយចំនួន ឬ​អត់​នោះទេ ពីព្រោះ​ខ្ញុំ​មិនបាន​មើលទៅ​លើ​រឿង​របស់​ពួកគេ​នោះទេ​។ យើង​គ្រាន់តែ​ដឹងថា ពួកគេ​ជា​អ្នកទោស​ដែល​បាន​កែប្រែ​ខ្លួន​ហើយ ដោយ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​»​។​

​សូម​រំលឹកថា កាលពី​ដើមខែ​នេះ គណៈកម្មាធិការ​សម្រាប់​ការពិនិត្យ​ការកាត់បន្ថយ​ទោស និង​លើកលែងទោស​បាន​ពិនិត្យ​ទៅលើ​សំណើ​របស់​អ្នកទោស​ចំនួន ៥២៣​នាក់​សម្រាប់​ការលើកលែងទោស និង​បន្ថយទោស ប៉ុន្តែ​មិនមែន​ពួកគេ​ទាំងអស់​អាច​ត្រូវបាន​លើកលែងទោស​នោះទេ​។

​លោក អ៊ុច ពង្ស អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​ថ្លែង​កាលពី​ដើមខែ​នេះ​ថា បច្ចុប្បន្ន​មាន​អ្នកទោស​ចំនួន ៣១.២២៦ នាក់​ទូទាំងប្រទេស​ក្នុងនោះ ២.៦៦៣ ជា​ស្ត្រី​៕