​របួស​ខ្មែរ​៤​នាក់ ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ប្រទេស​ម៉ាលី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2018 ក+ ក-

​ភ្នំពេញ ៖ ជនជាតិខ្មែរ​៤​នាក់ ដែល​បម្រើ​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ បាន​រងរបួស​ធ្ងន់​ម្នាក់ និង ស្រាល​៣​នាក់ ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ នៅ​ទីតាំង​របស់​អង្គការសហប្រជាជាតិ ប្រចាំ ក្នុង​តំបន់ ហ្កា​វ ប្រទេស​ម៉ាលី ប៉ុន្តែ​កម្លាំង​មួក​ខៀវ​កម្ពុជា មិនមាន​រងរបួស​ទេ​។ នេះ​បើតាម​សេចក្តី ប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា ករណី​បំផ្ទុះ​គ្រាប់បែក​នេះ កើតឡើង​នៅ​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ (​ម៉ោង​នៅ​ប្រទេស​ម៉ាលី​) ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ម៉ោង​នៅ​កម្ពុជា​) បង្កឡើង​ដោយ​ក្រុម​ភេរវ​ករ​បាន​បើករថយន្ត​មួយគ្រឿង​ចូលទៅ​បំផ្ទុះ​ក្នុង​មូលដ្ឋាន​មួយ​របស់​អង្គការ សហប្រជាជាតិ បណ្តាល​ឲ្យ​ស្លាប់​ភេរ​វករ​ម្នាក់ និង​ជនជាតិ​ម៉ាលី​២​នាក់ និង​របួស​មនុស្ស​ចំនួន ១៤​នាក់​ផ្សេងទៀត​។​

​សូមបញ្ជាក់ថា ចំពោះ​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ឬ​ទាហាន​មួក​ខៀវ ដែល​កំពុង​បំពេញ បេសកកម្ម​នៅ​តំបន់​នេះ មិនមាន​គ្រោះថ្នាក់​ដោយសារ​ហេតុការណ៍​ខាងលើនេះ​ទេ​៕