ករណី​ពលរដ្ឋ​លួច​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​នៅ​ទឹកដី​ថៃ ដោយសារ​មន្ត្រី​ព្រំដែន​បើកដៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2018 ក+ ក-

​ឧ​ត្ត​រ​មានជ័យ ៖ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា ករណី​ពលរដ្ឋ​កាប់​ឈើ​ក្រញូង​នៅតាម​បន្ទាត់​ព្រំដែន និង​ការ​លួច​ឆ្លងដែន​ចូលទៅ​កាប់​ដល់​ក្នុង​ទឹកដី​ថៃ ដោយសារ​មានការ​លួច​បើកដៃ​ពី​មន្ត្រី​នៅ​ព្រំដែន​។ សម្តេច​ក្រឡាហោម បានលើកឡើង​ពី​បញ្ហា​នេះ ខណៈ​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​តែងតាំង លោក ប៉ែន កុស​ល្យ ជា​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨​។

​សម្តេច​ក្រឡាហោម បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​នានា នៅតាម​ព្រំដែន ថា ច្រករបៀង​មិនមែនជា​ច្រក​ស្របច្បាប់​ទេ ដូច្នេះ​ករណី​ពលរដ្ឋ​ចំណាកស្រុក​ដែល​មកពី​បណ្តា​ខេត្ត​នានា​ក្នុង​ផ្ទៃ​ប្រទេស​ចេញទៅ​ថៃ​តាម​ច្រករបៀង គឺ​ខុសច្បាប់ ដែល​មួយថ្ងៃៗ​ភាគី​ថៃ​បាន​ចាប់បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ ពី ៨០​នាក់​ទៅ ១០០​នាក់​។

​ជាមួយនឹង​ការស្នើ​ឲ្យ​បិទ​ច្រករបៀង​ទាំងអស់ សម្តេច​ក្រឡាហោម ក៏បាន​ជំរុញ​ឲ្យ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ទើប​តែងតាំង​ថ្មី​នេះ ទប់ស្កាត់​ឲ្យ​បាន​នូវ​បញ្ហា​អវិជ្ជមាន​ខាងលើនេះ ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ការពារ​នូវ​កិត្យានុភាព​របស់​ជាតិ​៕