​រដ្ឋមន្ត្រី​ពាណិជ្ជកម្មចូលរួម​សន្និបាត​ប្រចាំឆ្នាំ BIE នៅ​ប្រទេស​បារាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2018 ក+ ក-

​ភ្នំពេញ ៖ តប​តាម​ការអញ្ជើញ​របស់​កា​រិ​យា​ល័យ​ពិព័រណ៍​អន្តរជាតិ (BIE) លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​១៦៤ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង ដើម្បី​តាម ដាន​វឌ្ឍនភាព​ការងារ​ពិព័រណ៍​អន្តរជាតិ និង​ពិព័រណ៍​ពិភពលោក​។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ BIE ថា សន្និបាត​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក Vicente G. Loscertales ( វី​សិន​តេ ជី . ឡស់​ស៊ើ​ត​លេស ) អគ្គលេខាធិការ​នៃ​ការិយាល័យ BIE និង​មានការ​ចូលរួម​ពី​ប្រមុខរដ្ឋ រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី អង្គទូត និង​មន្ត្រីជាន់ខ្ពស់ ដែលជា​សមាជិក​-​សមាជិកា BIE តំណាងឱ្យ​ប្រទេស​ចំនួន ១៧០ នៅក្នុង​នោះ ក៏មាន​ឯកឧត្តម​អគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ប៉ារីស ផងដែរ​។​

​សម្រាប់​ថ្ងៃទី​១ អង្គសន្និបាត នឹងធ្វើ​ការពិនិត្យ និង​ពិភាក្សា​ទៅលើ​របាយការណ៍ ប្រជុំ​របស់​គណៈ កម្ម​ការ​ទាំង​បួន នៃ​ការិយាល័យ BIE ព្រមទាំង​វឌ្ឍនភាព​នៃ​ការរៀបចំ​ពិព័រណ៍​អន្តរជាតិ​នានា ជា ពិសេស​ពិព័រណ៍ “International Horticultural Exhibition 2019” នៅ​ទីក្រុង​ប៉េកាំង និង​ពិព័រណ៍ ពិភពលោក​ឌុយ​បៃ ឆ្នាំ​២០២០ ដែល​កម្ពុជា បាន​កំពុង​ត្រៀមលក្ខណៈ​ចូលរួម​ផងដែរ​។

​សម្រាប់​ថ្ងៃទី​២ អង្គសន្និបាត នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រទេស​សមាជិក​ណាមួយ ដើម្បី​ជា ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍ “​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០២៥”​ហើយ​នៅក្នុង​ថ្ងៃនោះ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ នឹង​អញ្ជើញ​ធ្វើជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ចុច​ប៉ូ​តុង​បោះឆ្នោត សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​នោះ​។​

​តាមរយៈ​ការចូលរួម​សន្និបាត​ប្រចាំឆ្នាំ​BIE លើក​ទី​១៦៤ គេ​រំពឹងថា កិច្ចសហប្រតិបត្តិការ និង​ទំនាក់ ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ប្រទេស​ជា​សមាជិក​ទាំងអស់ នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត នៅលើ​វិស័យ​អទិភាព​សំខាន់ៗ រាប់​ចាប់តាំងពី​សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ ៕