តុលាការ​ពន្យា​ពេល​សាកសួរ​សកម្ម ជន​បក្ស​ប្រឆាំង​ទាំង​១១​នាក់​ ទៅ​ថ្ងៃទី​៣​មិថុនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2015 ក+ ក-

​ភ្នំពេញ​៖​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន និង​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា ការដែល​តុលាការ​ពន្យា​ពេល​សាកសួរ​កូនក្ដី​របស់លោក​ម្ដង​ហើយ​ម្ដងទៀត​គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កូនក្ដី​របស់លោក​យ៉ាងខ្លាំង ។​

​លោក ជូ​ង ជូ​ងី បាន​ថ្លែង​ដូចនេះ​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​បន្ទាប់​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ។​លោក​ថា តុលាការ​បាន​សាកសួរ​តែ​សកម្មជន​តែ​ម្នាក់​ប៉ុណ្ណោះ ក្នុងចំណោម​សកម្មជន​ទាំង​១១​នាក់​ដែល​ចូលខ្លួន​មក​បំភ្លឺ​នៅថ្ងៃនេះ ។​

​គួរ​ជម្រាប​ថា តុលាការ​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឲ្ស​កម្ម​ជន និង​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​កូនក្ដី​របស់លោក ជួង ជូ​ងី ទាំង​១១​នាក់ អោយ​ចូលមក​បំភ្លឺ​ជាថ្មីទៀត​នៅ​ថ្ងៃទី​៣ ខែមិថុនា ខាងមុខ ។​

​លោក ជូ​ង ជូ​ងី បាន​លើកឡើងថា ព្រឹក​ម៉ិ​ញ​នេះ តុលាការ​សួរដេញដោល​ដើម្បីរ​កថា​តើ​ជន​ទាំង​១១​នាក់​នោះ​មាន​កំហុស​ឬ​យ៉ាងណា ។​កន្លងមក សកម្មជន​ទាំងនោះ​ត្រូវបាន​ចោទ​ពីបទ​ដឹកនាំ និង​ចូលរួម​ធ្វើ​កុប្បកម្ម​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ ។

ជន​ត្រូវ​ចោទ អ៊ុក ពេជ្រ​សំណាង សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ម្នា​ក់បាន​ថ្លែង​បន្ទាប់​ចេញពី​សវនាការ​ថា រូបលោក និង​សកម្មជន ព្រមទាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​១០​នាក់​ផ្សេងទៀត​នៅតែ​ជា ចំណាប់ខ្មាំង​របស់​អ្នកនយោបាយ ហើយ​តុលាការ​នឹងមិន​ទម្លាក់​ការចោទប្រកាន់​មកលើ​ពួកលោក​នៅមុន​ការបោះឆ្នោត ឆ្នាំ​២០១៨​នោះទេ ។​

​គួររំលឹកថា បន្ទាប់ពី​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង​១១​នាក់​ដែល​រួមទាំង​មន្ត្រីជាន់ខ្ពស់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​គឺ លោក មា​ជ សុវណ្ណារ៉ា ត្រូវ​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​ពីរដង​ហើយ គឺ​នៅ​ថ្ងៃទី​១៩ និង​ទី​២៦ ខែឧសភា​នេះ ។​

​ទោះជា​យ៉ាងនេះ​ក្តី គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​តែងតែ​អះអាងថា ខ្លួន​មិនមាន​ពាក់ព័ន្ធ ឬ​ជ្រៀតជ្រែក​នឹង​វិធានការ​របស់​តុលាការ​ទៅលើ​សកម្មជន​ទាំង​នោះទេ ហើយ​ថា​ចំណាត់ការ​របស់​តុលាការ​គឺ​ធ្វើ​ទៅតាម​នីតិវិធី ៕ខ រខដសាឆ