(Updat)ដេញចាប់​រថយន្ត​ចង្កូត​ស្តាំ​គេចពន្ធ​ផ្អើល​ក្រុង​បាត់ដំបង​ជិត​២​ម៉ោង លេច​ឧ​ត្ត​ម​សេនី​ម្នាក់​ចេញមុខ​កាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2018 ក+ ក-

បាត់ដំបង ៖ រថយន្តម៉ាក ម៉ាស់​ស្តា ​ចង្កូត​ស្ដាំ​ស៊េរី​ ឆ្នាំ​២០១៥ ​មួយ​គ្រឿងពាក់ស្លាកលេខ ខ.ម. ដែល​សមត្ថកិច្ច​គយ ​មានការសង្ស័យថា ជា​រថយន្ត​គេចពន្ធ ព្រោះបាន​បើក​រត់មិនឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យតាមសម្រួលនោះឡើយ ទើប​សមត្ថកិច្ច​​ធ្វើការ​ប្រដេញ​តាម​ស្ទាក់ចាប់បាននៅចំណុច​លើ​ដងផ្លូវ​លេខ​១ (​ប្រប​ដងស្ទឹង​សង្កែ​) ទល់មុខ​ចំណតទូក​ទេសចរណ៍ ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្តបាត់ដំបង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញក្រុងបាត់ដំបង និងធ្វើឲ្យកកស្ទះចរាចរណ៍ជិត២ម៉ោង នៅព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នេះ​។​

មន្ត្រី​គយ​ចល័ត​ដែល​កំពុង​បង្ក្រាប​ករណី​រថយន្ត​ដែលបានបើករត់នេះ បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​ស៊េរី​ទំនើបនេះ ​ពណ៌​ប្រផេះ ចង្កូត​ស្តាំ ​ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ ០២/ ២-១០៩៨  បាន​ព្យាយាម​បើក​គេចវេស​ពី​កម្លាំង​សមត្ថកិច្ច​រហូតមកដល់​កំណាត់​ផ្លូវ​លេខ​១ ​រ៉​ប​តាម​ដងស្ទឹង​សង្កែ ក្នុង​ក្រុង​បាត់ដំបង ទើប​ឈប់​។ មន្ត្រី​គយ អះអាងថា បើមិនមែនជារថយន្តគេចពន្ធ គេមិនចាំបាច់បើករត់ទេ

​ប្រភព​ដដែល​បន្តថា អ្នកបើក​បររថ​យន្ត ដែល​សមត្ថកិច្ច​គយ​ឃាត់​បាន​នេះ ជាម​ន្ត្រី​​យោធា ឈ្មោះ​”​រ័ត្ន​” ពាក់​ស័ក្តិ​៤ ឈរជើង​នៅ​ច្រកទ្វារ​ម៉ាឡៃ​ ​ខេត្តបន្ទាយមានជ័យ​ ។​នៅពេល​សមត្ថកិច្ច​ឃាត់​នៅលើ​ដងផ្លូវ​ខាងលើនេះ ម្ចាស់​រថយន្ត​នៅតែ​បន្តអង្គុយក្នុងរថយន្តដោយ​ចាក់សោរ​ទ្វារ​​ ​មិន​ព្រម​ចុះ​ពីលើ​រថយន្តដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​នោះឡើយ​។​ ប៉ុន្តែបន្តិចក្រោយមក អ្នកបើកបររថយន្តរូបនេះ ត្រូវបានគេលួចជម្លៀសតាមរយៈរថយន្តមួយផ្សេងទៀត គេចខ្លួនបាត់។

បន្ទាប់ពី​មាន​ហេតុ​ការណ៍ប្រទាំងប្រទើស​រវាង​កម្លាំង​សមត្ថកិច្ច​គយ​ចល័ត ជាមួយ​អ្នកបើកបរ​រថយន្ត​ដែលជា​មន្ត្រី​យោធា ​ខាងលើ ​អស់​រយៈពេល​ជិត​២​ម៉ោង និង​បង្ក​ឲ្យ​មាន​ការស្ទះចរាចរណ៍ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​ក្រុង​បាត់ដំបង រួចមក គេ​ឃើញមាន​​វត្តមាន​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយរូប​ដែល​គេ​ស្គាល់ ​ថា ជា​លោក​ឧ​ត្ត​ម​សេនីយ​ឯក ប៉ុល ស៊ីនួន ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការរង​យោធ​ភាគ​ទី​៥ បាន​ចេញមុខ​ជួបចរចា​ជាមួយ​មន្ត្រី​គយ​ចល័ត ដែល​ទំនងជា​កាង​ឲ្យ​បិទ​រឿង​បទល្មើស​មួយ​នេះ​។

​ក្រោយពី​លោក​ឧ​ត្ត​ម​សេនីយ​ឯក និងមន្ត្រីសមត្ថកិច្ចចាប់ដៃគ្នា និង​ជជែក​គ្នា​បាន​មួយ​បានមួយដង្ហើមចង្រិត គេឃើញមន្ត្រីជំនាញគយ ចូលទៅបើករថយន្ត​មួយគ្រឿង​នេះ ដោយប្រាប់ថា នាំយក​ទៅកាន់​កន្លែងរ​បស់​ខ្លួន​​។ ជាមួយគ្នា​នោះ មន្ត្រី​គយ​ចល័ត​មួយរូប ឈ្មោះ ណុប សា​អឿន បាន​ធ្លោយ​ប្រាប់​អ្នកកាសែត ​និង​បណ្តាញ​ភ្នាក់ងារ​ទូរ​ទស្សន៍​ក្នុង​ខេត្ត​ថា ខាង​យោធា​បានស្នើ​សុំ​នាំចូល​រថយន្ត​ចំនួន​៨០០​គ្រឿង។ ការបំភ្លឺនេះ ផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាលបានដាក់​បទបញ្ជា​យ៉ាង​ដាច់​ណាត់នាពេលកន្លងមក ដោយមិន​អនុញ្ញាត​ឲ្យ​នាំចូល​រថយន្ត​ចង្កូតស្តាំជាដាច់ខាត​។​ មន្ត្រីគយមួយរូបផ្សេងទៀត បានលួចខ្សឹប​ប្រាប់ថា «​…​សុទ្ធតែ​គ្នាឯង ​  បើនិយាយឲ្យស្រួលស្តាប់ គឺមានគេចង់កាង»។  ហេស​ហេ ! ​ករណីមួយនេះ បង្ហាញថា ពួកគេបាននាំគ្នា យកបទបញ្ជារបស់សម្តេចនាយករដ្មន្ត្រីតេជោ ហ៊ុន សែន ទ្រាប់គូទអង្គុយ ! ៕