ល្ខោនខោល ត្រូវបាន UNESCO ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជា​ផ្លូវការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2018 ក+ ក-

ភ្នំពេញ ៖ ល្ខោនខោល​របស់​កម្ពុជា “​វត្ត​ស្វាយ​អណ្ដែត​” ត្រូវបាន​ទទួលស្គាល់ និង​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ​ហើយ​។ ការ​បញ្ជី​ជា​បេតិកភណ្ឌ​នេះ ធ្វើ​នៅ​ប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។

​កម្ពុជា បាន​ស្នើសុំ​ចុះបញ្ជី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ ប្រតិភូ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុងសម័យ​ប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី ម​មាន​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឯកឧត្តម កេ​ត សាផាន់ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី Helen Jarvis និង​លោក Teruo Jinnai ដែលជា​ទីប្រឹក្សា​រដ្ឋាភិបាល មន្ត្រី​ជំនាញ និង​តំណាង​កម្ពុជា​ប្រចាំ​យូណេស្កូ ៥​រូប​ទៀត​។​

​ល្ខោន​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​ចំណោម​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ (Urgent Safeguarding List) ដូច​បេតិកភណ្ឌ​ផ្សេងទៀត​មកពី អាល់​ហ្សេ​រី អា​សែ​បៃ​ហ្ស​ង់ អេ​ហ្ស៊ី​ប កេ​ន​យ៉ា ប៉ា​គី​ស្ថាន និង​ស៊ី​រី ដែរ​៕