ខេត្តរតនគិរី៖ជំនួញឈើប្រណីតប្រភេទធ្នង់កំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិស្រុកអូរយ៉ាដាវ ជាប់ចំណុច ឡេថាញ់ ប្រទេសវៀតណាមគ្មានការទប់ស្កាត់ឡើយ។
តាមទិដ្ឋភាពជាក់ស្តែង កាលពីថ្ងៃទី២៧ សភា គេឃើញការដឹកជញ្ជូនឈើប្រណីតប្រភេទធ្នង់សម្រុកដឹកចេញយ៉ាងគំហុក និងយ៉ាងអនាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបៗដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយ ឡែនដ័រ ជាដើម ចេញពីក្រុងបានលុង ខេត្តរតនគិរី តាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅច្រកទ្វារអន្តរជាតិព្រំដែនអូរយ៉ាដាវ ដើម្បីលក់អោយឈ្មួញនៅប្រទេសវៀតណាម ។
មន្ត្រីមូលដ្ឋានម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា រថយន្តសាំយ៉ុងដឹកឈើប្រណីតចេញទៅច្រកព្រំដែន អូរយ៉ាដាវ គឺមានឈ្មួញខ្លះដឹកដោយចំហ និងខ្លះទៀតបង្កប់ឈើប្រណីតដោយកែបាតរថយន្តបង្កប់លាក់ទុកឈើល្មើសនៅខាងក្រោមកៅអីរថយន្ត ឬលាក់នៅតាមជញ្ជាំង និងតាមដំបូលរថយន្ត។
អ្នកស្និទ្ធនឹងឈ្មួញឈើមួយរូបបានទម្លាយអោយ មេគង្គប៉ុស្តិ៍ ដឹងថា ថ្មីៗនេះមានឈ្មួញឈើម្នាក់បរិហារកេរិ៍្តយ៉ាងចាស់ដៃដល់មន្ត្រីជំនាញ ពិសេសអស់លោកមេៗប្រចាំការច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ(សុំលាក់ឈ្មោះសិន) ដោយសារឈ្មួញរូបនោះខឹងសម្បារដល់ពួកមន្ត្រីៗ ដូចជា នគរបាលសមត្ថកិច្ចច្រើនជំនាញ ដែលនៅឈរតាមផ្លូវចាំបង្ខំជំរិតយកលុយមិនរើសមុខ និងមិនលើកលែងឬស្តាប់ការអង្វរឡើយ។
គួរបញ្ជាក់ផងដែរថា ការចរាចរណ៍ឈើប្រណីតប្រភេទធ្នង់ល្មើសច្បាប់ក្នុងក្រុងបានលុងបានធ្វើឡើងជារៀងរាល់ថ្ងៃដោយចំហ គឺដឹកជញ្ជូនតាមរយៈម៉ូតូចេញពីព្រៃឆ្លងកាត់ក្រុងបានលុង តាមផ្លូវស្រុកអូរជុំ និងផ្លូវភូមិតឺន ដែលឈើខ្លះគេដឹកអោយក្រុមឈ្មួញតាមឡានសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចបានរៀបរាប់ខាងលើ។
ក្នុងរថយន្តដឹកឈើប្រណីតប្រភេទសាំយ៉ុង និងប្រភេទរថយន្តស៊េរីទំនើបមួយគ្រឿងៗដែលកំពុងដឹកជញ្ជូនឈើប្រណីតយ៉ាងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យនោះ យ៉ាងតិច៤ជើងក្នុងមួយថ្ងៃ។
ជុំវិញករណីខាងលើនេះផងដែរមានមន្ត្រីមួយរូបបានបង្ហើបប្រាប់ថា រថយន្តដែល
ដឹកឈើប្រណីតខុសច្បាប់ទាំងអស់នោះ គេបានរត់ការបង់លុយទៅអោយខាងមន្ត្រីជំនាញក្នុងខេត្ត និងនៅតាមដង ផ្លូវជាតិលេខ៧៨ជាមុន នៅមុនពេលគេដឹកចេញទើបអាចរកស៊ីឈើល្មើសបានដោយគ្មានការរំខាន ហើយសម ត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ-ឡេថាញ់ ស្ទើរតែទាំងអស់សុទ្ធតែត្រូវរ៉ូវគ្នាទទួលសំណូកពីឈ្មួញគ្រាន់តែតិច ឬច្រើនទៅតាមឋានានុក្រមធំតូចប៉ុណ្ណោះ។
ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ មិនអាចទាក់ទងសុំការពន្យល់ពាក់ព័ន្ធនឹងការរិះគន់ដូចខាងលើបានទេកាលពីរសៀលថ្ងៃទី២៧នេះ៕ឡុង សារ៉េត