អំបិល ៥ពាន់តោន ដែលបញ្ជាទិញពីចិន ដឹកមកដល់កំពង់ផែខេត្តព្រះសីហនុហើយ
ភ្នំពេញ ៖ អំបិលប្រមាណ ៥ពាន់តោន ដែលសមាគមអំបិលកែបកំពត បានបញ្ជាទិញជាជំហានទី១ពីប្រទេស ចិន បានបញ្ជូនមកដល់កំពង់ផែខេត្តព្រះសីហនុហើយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា នេះ។
លោក ប៊ុន បារាំង សហប្រធានសហគមន៍អំបិលកែបកំពត បានឲ្យដឹងថា ការនាំចូលអំបិលនេះ ស្របពេលអំបិលដែលក្នុងស្ដុកនៅកម្ពុជា អស់រលីងតែម្ដង។ សម្រាប់តម្លៃអំបិលដែលនាំចូលមក នេះ មានតម្លៃ៩០ដុល្លារក្នុង១តោន ប៉ុន្ដែតម្លៃលក់នៅកម្ពុជាវិញ មិនទាន់បានដឹងថា លក់ថ្លៃប៉ុន្មាន នៅឡើយទេ ដោយសារតែសមាគមពុំទាន់បានទូទាត់រួចរាល់។
លោកបញ្ជាក់ទៀតថា «អំបិល ៥ពាន់តោន នេះ គឺនាំចូលពីប្រទេសចិន តែសមាគមមានគម្រោងនាំ ចូលពីប្រទេសចិន ប្រមាណ ២ម៉ឺនតោន និងនាំចូលពីប្រទេសថៃ ចំនួន ១ម៉ឺនតោន» ដើម្បីត្រៀម ផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុក៕