បាត់ដំបង ៖ គយខេត្តបាត់ដំបង បានដោះលែងវិញហើយ ករណីរថយន្តគេចពន្ធម៉ាក ម៉ាស់ស្តា ចង្កូតស្ដាំស៊េរីឆ្នាំ២០១៥ មួយគ្រឿងដែលពាក់ស្លាកលេខ ខ.ម. ក្លែងក្លាយ បន្ទាប់ពីដេញចាប់ផ្អើលពេញក្រុងបាត់ដំបង អស់រយៈពេលជិត២ម៉ោងរួចមក។ ករណីដោះលែងនេះ ត្រូវបានមន្ត្រីមួយរូបបង្ហើប ឲ្យដឹងថា ដោយសារមានការចរចាសម្រុះសម្រួល លាយឡំដោយឥទ្ធិពលរបស់លោកឧត្តមសេនីយឯកយោធាម្នាក់។ ឯករណីដែលគយបាត់ដំបង ដេញចាប់នោះ គឺដោយសារម្ចាស់រថយន្តមានទំនាស់ជាមួយគយសំពៅលូន។
ប្រភពព័ត៌មានពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅនេះ ដែលជាថ្ងៃកើតហេតុ គេឃើញឈ្មោះ ជា ច័ន្ទសុធារ័ត្ន ជាប្រធានទំនាក់ទំនងច្រកតំបន់ម៉ាឡៃ បានបើករថយន្តល្មើសខាងលើដោយពាក់ស្លាកលេខ ខ.ម. ០២/ ២-១០៩៨ ក្លែងក្លាយ សំដៅទៅខេត្តបាត់ដំបង ដែលទំនងជាយកទៅលក់ឲ្យម៉ូយនៅទីនោះ។ ប្រភពដដែលបន្តថា មូលហេតុដែលនាំឲ្យគយខេត្តបាត់ដំបងដេញចាប់នោះ គឺដោយសារតែឈ្មោះ សុធារ័ត្ន ជជែកមិនត្រូវរ៉ូវគ្នា និងបានបង្កទំនាស់ជាមួយមន្ត្រីគយសំពៅលូន ហើយត្រូវគយសំពៅលូនបោះដៃឲ្យគយបាត់ដំបងត្រៀមតាមចាប់តែម្តង។
សូមរំលឹកថា នៅថ្ងៃកើតហេតុ ក្រុមមន្ត្រីគយចល័តខេត្តបាត់ដំបង បានដេញចាប់រថយន្តខាងលើដោយសារឈ្មោះ ជា ច័ន្ទសុធារ័ត្ន ដែលជាម្ចាស់រថយន្ត និងជាអ្នកបើកបរផ្ទាល់នោះ មិនព្រមឈប់ឲ្យគយត្រួតពិនិត្យឯកសាររហូតដល់ចំណុចលើដងផ្លូវលេខ១ (ប្របដងស្ទឹងសង្កែ) ទល់មុខចំណតទូកទេសចរណ៍ ក្នុងសង្កាត់ស្វាយប៉ោ ទើបឈប់។ នៅទីនោះឈ្មោះ សុធារ័ត្ន មិនព្រមចុះពីលើរថយន្តទេ គិតតែចុចទូរស័ព្ទនិយាយខ្វាត់ខ្វែងក្នុងរថយន្តដែលទំនងជាស្វែងរកការអន្តរាគមន៍ បង្កឲ្យស្ទះចរាចរណ៍អស់រយៈពេលជាងមួយម៉ោង។
ប្រភពដដែលបន្តថា បន្ទាប់មក ស្រាប់តែលេចមុខលោកឧត្តមសេនីយឯកម្នាក់ ដែលគេស្គាល់ថា ឈ្មោះ ប៉ុល ស៊ីនួន ជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការទទួលទិសយោធភូមិភាគទី៥ ដែលត្រូវជាពូរបស់ឈ្មោះ សុធារ័ត្ន បានលេចមុខមកជួបចរចាជាមួយមន្ត្រីគយចល័ត ដែលទំនងជាឲ្យបិទករណីបទល្មើសមួយនេះ។ តែយ៉ាងណាក៏ដោយ មន្ត្រីគយចល័តខេត្ត មិនបានដោះលែងភ្លាមៗនៅកន្លែងកើតហេតុនោះឡើយ ដោយបាននាំយករថយន្តល្មើសខាងលើ ទៅទីស្នាក់របស់ខ្លួន ហើយបានដោះលែងទៅវិញនៅក្នុងថ្ងៃដដែលនោះដែរ។
ប្រភពដដែលនេះបានបន្តទៀតថា នេះមិនមែនជាលើកទី១ទេ ដែលឈ្មោះ សុធារ័ត្ន បានរកស៊ីលួចនាំចូលរថយន្ត«ក្តៅ»ចង្កូតស្តាំស៊េរីទំនើបៗពីស្រុកថៃ មកកម្ពុជា គឺរកស៊ីយូរឆ្នាំហើយ តាមច្រកតំបន់ម៉ាឡៃ ដោយប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន និងឃុបឃិតជាមួយមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែន។ ប្រភពដដែលនេះ បានដាក់ការសង្ស័យថា លោកឧត្តមសេនីយឯកដែលត្រូវជាពូរបស់ឈ្មោះ សុធារ័ត្ន ក៏ទំនងជាពាក់ព័ន្ធនឹងជំនួញរថយន្ត«ក្តៅ»ចង្កូតស្តាំខុសច្បាប់នេះផងដែរ ទើបបានជានៅពេលដែលគយបាត់ដំបងចាប់ភ្លាម ស្រាប់តែលេចមុខលោកឧត្តមសេនីយឯកនោះមកដល់ភ្លាមតែម្តង។
មន្ត្រីគយមួយរូបនៅរាជធានីភ្នំពេញ បានពន្យល់ថា បើអនុវត្តន៍តាមច្បាប់ ឈ្មោះ សុធារ័ត្ន អាចប្រឈមនឹងកំហុសចំនួនបី គឺទី១. លួចនាំចូលរថយន្តចង្កូតស្តាំខុសច្បាប់ ទី២.លួចនាំចូលបានហើយ តែគេចមិនព្រមបង់ពន្ធ និងទី៣. បំពាក់ស្លាកលេខ ខ.ម. ក្លែងក្លាយបំផ្លាញកិត្តិយសកងយោធពលខេមរភូមិន្ទ។
មន្ត្រីគយ ខេត្តបាត់ដំបង មិនទាន់អាចសុំការពន្យល់ពីករណីចាប់ និងដោះលែងវិញ ចំពោះករណីលួចនាំចូលរថយន្តចង្កូតស្តាំនោះបានទេ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញនេះ៕