ខេត្តរតនគិរីៈ ចៅក្រមសាលាដំបូងខេត្ត រតនគិរីលោកស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។ ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភាឆ្នាំ២០១៥ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។
យោងតាមកំណត់ហេតុកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងបានឲ្យដឹងថា អំពីករណីឆបោកនិងក្លែងបន្លំឯកសារសាធារណៈ។ លោកវរៈសេនីយ៍ត្រី ហៃវ ណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង ប្រាប់ឲ្យដឹងថា កម្លាំងរបស់លោកអនុវត្តន៍តាមដីការចេញដោយចៅក្រម លោកស្រីជ័យ មាលា បង្គាប់ឲ្យចាប់ខ្លួនបុរសម្នាក់ឈ្មោះ ធី ហួត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅឃុំមេមង ស្រុកមេមុត ខេត្តត្បូងឃ្មុំ។
លោកហៃ វណ្ណារ៉ា បានបញ្ជាក់ថាជនសង្ស័យនេះបានដើរតួជាឧកញ៉ាបង្អួតខ្លួនពេញខេត្តរតនគិរីយើងនេះជាយូរមកហើយ ប៉ុន្តែកន្លងមកមិនទាន់ស៊ើបដឹងការពិត ទើបមិនទាន់ឈានដល់ការចាប់ខ្លួន លុះដល់មានដីការចេញដោយលោកស្រីជ័យ មាលា ចៅក្រមសាលាដំបូងខេត្ត ទើបមានវិធានការចុះអនុវត្តន៍ដីការឃាត់ខ្លួនជនសង្ស័យខាងលើនេះ។ សូមបញ្ជាក់ថាជនសង្ស័យតាំងខ្លួនជាឧកញ៉ានេះ សមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់អ្នកកាសែតថាឆបោកអ្នកណាខ្លះនោះទេ និងសម្ភារៈអ្វីខ្លះនោះឡើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានចៅក្រមចេញបញ្ជាអោយឃុំខ្លួនបណ្តោះ អាសន្ននៅពន្ធនាគារភ្នំស្វាយនៅព្រឹកថ្ងៃដដែល(ទី២៧ ខែឧសភា ឆ្នាំ២០១៥) ដើម្បីស្រាវជ្រាវរកស្ថានទំងន់ទោសបន្ថែមចោទលើជននោះទៅតាមផ្លូវច្បាប់៕ឡុង សារ៉េត