កម្ពុជា​នឹង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ក្រោម​ជំនួយ ADB ៣០​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និង​គណៈកម្មការ​អភិវឌ្ឍ​ន៍​ទេសចរណ៍ នឹង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ ជំហាន​ទី​២​នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​កម្ពុជា ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក​។

​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍ លោក ទិ​ត ចន្ថា បាន​មានប្រសាសន៍ថា ជំហាន​ទី​២ នេះ រួមមាន ៖ គម្រោង​បង្កើត​ទីលាន​ចាក់សំរាម និង​សម្ភារ​សម្អាត​ទីក្រុង​នៅ​ខេត្ត​កែប និង​គម្រោង បី​ទៀត​នៅ​ខេត្ត​ព្រះសីហនុ មានដូចជា​គម្រោង​ធ្វើ​ផ្លូវ​ទេសចរណ៍​តាម​បណ្ដោយ​ឆ្នេរសមុទ្រ គម្រោង បង្កើត​រោងចក្រ​សម្អាត​ទឹក​កខ្វក់ និង​គម្រោង​កសាង​កំពង់ផែ​ទេសចរណ៍​នៅ​ក្រុងព្រះសីហនុ និង​នៅ កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​

​គួរ​ជម្រាប​ថា ក្រសួងទេសចរណ៍ និង​ធនាគារ​ADB បានចាប់ផ្ដើម​អនុវត្ត​ជំហាន​ទី​១​បណ្ដើរៗ រួចមក ហើយ​ដែរ ដូចជា គម្រោង​កំពង់ផែ​ទេសចរណ៍ នៅ​ខេត្តកំពត បង្កើត​ប្រព័ន្ធ​សម្អាត​ទឹក​កខ្វក់ នៅ​ខេត្ត កែប គម្រោង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​នៅ​ខេត្តកំពត ខេត្ត​កែប និង​ខេត្តកោះកុង​៕