ភ្នំពេញ ៖ សមាគមបញ្ជូន និង រើសកម្មករចំនួនបីមកពីប្រទេស ម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២១០៨ នេះ បានជួបពិភាក្សាជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បំណងជំរុញឲ្យមានពលករខ្មែរបន្តទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ឲ្យបានលឿន។
នៅក្រោយជំនួបនេះ លោក ហ៊ូ វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា « សមាគមនេះ គេមកផ្សព្វផ្សាយ ក្នុងវិស័យឯកជនទេ សមាគមអ្នករើសពលករម៉ាឡេស៊ី មាន៣សមាគម គេមកធ្វើការជាមួយសមាគមខ្មែរក្នុងស្រុកចំនួនពីរសមាគម ដើម្បីជំរុញឲ្យមានការជ្រើសរើសពលករខ្មែរទៅកាន់ម៉ាឡេស៊ី»។
លោក ហ៊ូ វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ បានថ្លែងថា សមាគមនបញ្ជួននិងរើសកម្មករចំនួនបីដែលបានជួបជាមួយរដ្ឋមន្ត្រីនិងកំពុងធ្វើការជាមួយសមាគម បញ្ជួននិងរើសកម្មករចំនួនពីរនៅកម្ពុជាដើម្បីជំរុញការជ្រើសរើសពលករនិងបញ្ជួនឲ្យបានលឿន។ យ៉ាងណាក៏ដោយ លោក ហ៊ូ វុទ្ធី បានបដិសេដមិនផ្តល់ឈ្មោះសមាគមរបស់ម៉ាឡេស៊ីទាំងបីនោះទេ រួមទាំងសមាគមនក្នុងស្រុកនៅកម្ពុជាផងដែរ។
បើតាមហ្វេសប៊ុករបស់ក្រសួងការងារ បច្ចុប្បន្ននៅកម្ពុជា មានទីភ្នាក់ងារជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេសលក្ខណៈឯកជន ដែលទទួលបានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១០៣ភ្នាក់ងារ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ ក្រុមហ៊ុនគិតត្រឹម ខែតុលា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា បច្ចុប្បន្នមានកម្មករកម្ពុជាកំពុងធ្វើការនៅប្រទេស ម៉ាឡេស៊ី ប្រមាណជាង ៣.០០០នាក់ ដោយមិនរាប់បញ្ចូលទាំងកម្មករមិនមានភាពស្របច្បាប់ហើយក្រសួងកំពុងសិក្សាកម្មករខ្មែរ ដែលគ្មានភាពស្របច្បាប់នៅម៉ាឡេស៊ី ដើម្បីសម្រួលដោះស្រាយបញ្ចៀសពីបញ្ហាប្រឈមនានា៕