កម្ពុជា លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​រយៈពេល​១១​ខែ​នេះ បាន​១០៤​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2018 ក+ ក-

​សៀមរាប ៖ កម្ពុជា​អាច​រកចំណូលបាន​ចំនួន ១០៤.៥២៧.៥៣១​ដុល្លារ ពី​ការលក់​បណ្ណ​ចូល ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល​១១​ខែ ចាប់ពី ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។ ចំនួន​នេះ បានកើត​ឡើង​៩,២៧​ភាគរយ បើ​ធៀប​នឹង រយៈ ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។

​របាយការណ៍​របស់​អា​ជ្ញា​ធរ​អប្សរា បញ្ជាក់ថា នៅ​រយៈពេល​១១​ខែ​ដូចគ្នានេះ ភ្ញៀវទេសចរ​បរទេស ចំនួន ២.៣២៣.១៦៨​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ កើនឡើង ៦,០៩​ភាគរយ​។​
​របាយការណ៍​ដដែល បញ្ចា​ក់ថា ចំណូល​ដែល​ទទួលបាន​១០៤​លាន​ដុល្លារ នេះ រាជរដ្ឋាភិបាល បាន ដក​ចំនួន ៤.៦៤៦.៣៣៦​ដុល្លារ ឧបត្ថម្ភ​ចូល​មូល និ​ធិ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា​។​

​សូមជម្រាបថា បណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ត្រូវបាន​បែងចែក​ជា​៣​ប្រភេទ​៖
* ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​១​ថ្ងៃ មានតម្លៃ ៣៧​ដុល្លារ​។​

* ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​៣​ថ្ងៃ មានតម្លៃ ៦២​ដុល្លារ និង​មាន​សុពលភាព​១០​ថ្ងៃ​។​
* ប្រភេទ​បណ្ណ​ចូល​ទស្សនា​៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ និង​មាន​សុពលភាព​០១​ខែ​៕