​រដ្ឋសភា​ក​ម្ពុ​ជា នឹងធ្វើ​វិសោធនកម្ម​ច្បាប់​ឲ្យ​បុគ្គល​ជាប់​បម្រាមអាចធ្វើ​នយោបាយ​ឡើងវិញ​បាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋសភាជាតិ​កម្ពុជា កំពុង​សិក្សា​ពិនិត្យ​បទ​ប្បញ្ញ​តិ្ត​ច្បាប់​ផ្សេងៗ ដើម្បី​អនុញ្ញាតិ​ឲ្យ​បុគ្គល​ដែល​ជាប់​បម្រាម​ដោយ​ច្បាប់​ក្នុង​សកម្មភាព​នយោបាយ អាច​ចាប់ផ្ដើម​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ​បាន​។

​រដ្ឋសភា​កម្ពុជា នៅវេលា​ម៉ោង ១៧:០០ ល្ងាច​ថ្ងៃទី​០៣ ខែធ្នូ នេះ បានធ្វើ​សន្និសីទ​សារព័ត៌មាន​ពន្យល់ ពី​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ នៅ​វិមាន​រដ្ឋសភាជាតិ​។​

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ ជាការ​បន្ថែម​នូវ​វាក្យខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គឺ “ បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​មិនអាច​បង្កើត​គណបក្សនយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។

លោក​ថា បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយ​កករ​ដ្ឋ​មន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”​។​

​គួរ​ជម្រាប​ថា នៅ​មុនពេល​រដ្ឋសភា ប្រកាស​ពី​ការសិក្សា​វិសោធនកម្ម​ច្បាប់ នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​នូវ​សេចក្ដីថ្លែងការណ៍​ស្ដីពី​វិធានការ​នានា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហ​នយោបាយ ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នេះ​។​បាន​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០៣ ធ្នូ​នេះ បានឱ្យដឹងថា រដ្ឋសភា​កំពុង​សិក្សា​ដើម្បី​ដក​បម្រាម​ធ្វើ​នយោបាយ​របស់​អតីត​ថ្នាក់ដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១១៨​នាក់ ឱ្យធ្វើ​នយោបាយ​ឡើងវិញ និងប្រកាស​បើកឱកាស​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដូចជា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) ​អាចបើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​បាន នៅបន្ទាប់ពីបានដោះស្រាយបំណុលដល់រាជរដ្ឋាភិបាលចប់រួចរាល់​៕