ស៊ុយអែត៖ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូក្រសួងអប់រំកម្ពុជាទៅសកលវិទ្យាល័យ Uppsala University ដ៏ល្បីមួយនៅប្រទេសស៊ុយអែតកាលពីពេលថ្មីៗនេះ បានប្រទះឃើញនូវគម្ពីស្លឹករឹតសរសេរជាភាសាបាលី និងភាសាខ្មែរនាសតវត្សរ៍ទី១៩។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំកម្ពុជាទៅសកលវិទ្យាល័យ Uppsala University ដ៏ល្បីមួយនៅប្រទេសស៊ុយអែដលោកបានឲ្យដឹងតាមរយៈទំព័រ Facebook របស់លោកថា លោកបានឃើញការដាក់តាំងគម្ពីរស្លឹករឹតជាអក្សរខ្មែរនៅក្នុង បណ្ដាល័យរបស់សកលវិទ្យាល័យនោះ។គម្ពីរស្លឹករឹតជាភាសាបាលីសរសេរជាអក្សរខ្មែរនោះមិនមែនចេញ ពីកម្ពុជាទេ ប៉ុន្ដែជាព្រះរាជអំណោយរបស់ស្ដេចថៃព្រះបាទជូឡាឡុងកនក្នុង សតវត្សរ៍ទី១៩ ដែលទ្រង់បានថ្វាយដល់ព្រះអង្គម្ចាស់ Oscar នៃប្រទេសស៊ុយអែដកាលពីឆ្នាំ១៨៨៥។
គម្ពីរស្លឹករឹតនោះ គឺជាផ្នែកមួយនៃគម្ពីរព្រះត្រៃបិដកពុទ្ធសាសនាដែលនិយាយអំពីព្រះ វិន័យក្នុងគម្ពីរវិភង្គ និងមួយទៀតអំពីសតិបដ្ឋានសូត្រ។
ក្រៅ ពីគម្ពីរខ្មែរលោកបណ្ឌិត ហង់ ជួនណារ៉ុន ក៏បានឲ្យដឹងតាមរយៈ Facebook លោកផងដែរថា មានសៀវភៅបុរាណជាច្រើនទៀតតម្កល់នៅសកលវិទ្យាល័យនោះ៕
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំកម្ពុជាទៅទស្សនកិច្ចនៅសកលវិទ្យាល័យ Uppsala University។ រូបថតដោយ Magnus Saemundsson (Credit: Audience Submitted)