យក​រថយន្ត​កងវិស្វកម្ម​ពាក់​ស្លាក​លេខ ហ​.​ស​. ដឹក​ដី​លក់​ពេញ​ក្រុង​ប៉ោយប៉ែត​(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ប៉ោយប៉ែត ៖ រថយន្ត​ដឹក​ដី​ប្រភេទ​កង់​១០ ពាក់​ស្លាក​លេខ ហ​,​ស​. ( ហ៊ុន សែន ) ដែល​គេ​ដឹងថា ជា​កម្មសិទ្ធិ​របស់​កង​វិស្វកម្ម​ជាច្រើន​ក្រឿង ត្រូវបាន​មេបញ្ជាការ​នគរបាល​វរៈ​សេ​តូច​ការពារ​ព្រំដែន​គោក​៩១១ ម្នាក់​ឈ្មោះ សូ ចាន់ណា​រី យកទៅ​ប្រើប្រាស់​ដូចជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ក្នុង​ការដឹក​អាចម៍ដី លក់​ពាសវាល​ពាសកាល​ពេញ​ក្រុង​ប៉ោយប៉ែត បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។​

​មន្ត្រី​មូលដ្ឋាន​មួយរូប​សុំ​មិន​ប្រាប់​ឈ្មោះ បាន​បញ្ជាក់ថា ប៉ុន្មាន​ឆ្នាំនេះ គេ​ឃើញ​រថយន្ត​ធុន​ធ្ងន់ ប្រភេទ​កង់​១០ របស់​កងវិស្វកម្ម បានចេញ​ដឹក អាចម៍​ដឺ​លក់​ប្រសេចប្រសាច​យ៉ាង​អនាធិបតេយ្យ​ទូទាំង​ក្រុង​ប៉ោយប៉ែត ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បញ្ហា​បរិស្ថាន សុខភាព​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​មួយចំនួន​ទៀតផង មិនតែប៉ុណ្ណោះ​ក្រុម​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ហ​.​ស​. ( ហ៊ុន សែន ) របស់លោក សូ ចាន់ណា​រី បាន​បង្ក​ជា​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ជីក​ដឺ​លក់​ស្របច្បាប់​ផងដែរ​។ ប្រភព​នេះ បន្តថា ទំនាស់​រវាង ឈ្មោះ សូ ចាន់​នារី នឹង​ក្រុមហ៊ុន​ឯកជន​ជីកដី​លក់​ស្របច្បាប់ គឺ​ដោយសារ​ឈ្មោះ សូ ចាន់ណា​រី បាន​ប្រើប្រាស់​ឥទ្ធិពល​ជា​រថយន្ត​របស់​កង​វិ​ស្វិ​កម្ម និង​ពាក់​ស្លាក​លេខ ហ​.​ស​. ( ហ៊ុន សែន ) ហើយ​លក់​អាចម៍ដី​ក្នុង​តម្លៃថោក កាច់​កុង​ផ្តួលរំលំ​ក្រុមហ៊ុន​ឯកជន​នៅក្នុង​ក្រុង​ប៉ោយប៉ែត​។​

​ប្រភព​នេះ បន្តថា រហូតមកដល់​ពេលនេះ គ្មាន​នរណាម្នាក់​ហ៊ាន​ចេញមុខ​ប្រតិកម្ម​ក្នុង​រឿងនេះ​ទេ ព្រោះ​គេ​ដឹងថា ជា​ទង្វើ​របស់​ឈ្មោះ សូ ចាន់ណា​រី បញ្ជាការ​នគ​បាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប្រចាំខេត្ត​បន្ទាយមានជ័យ​។

​លោក សូ ចាន់ណា​រី បាន​ពន្យល់​តាមរយៈ​ទូរស័ព្ទ​នាពេល​ថ្មីៗ​នេះ ដោយ​ទទួលស្គាល់ថា រថយន្ត ខាងលើនេះ ពិតជា​បាន​ដឹក​អាចម៍ដី​លក់​ក្នុង​លក្ខណៈ​ឯកជន​អញ្ចឹង​មែន​។ លោក​ថា « ព្រោះតែ​កុង​រថយន្ត​គាត់ សល់​ពេល គាត់​ឆ្លៀត​ដឹក​លក់​ខ្លះៗ​គ្រាន់​រួច​ថ្លៃ​បាយ ប៉ុណ្ណោះ​»​។ លោក សូ ចាន់ណា​រី បាន​ប្រាប់ថា ចាំ​លោក​ប្រាប់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ឲ្យ​ពន្យល់​បន្ថែម តែ​ចាប់ពីពេលនោះ​មក ការិយាល័យ​និពន្ធ មេគង្គ​ប៉ុស្តិ៍ មិន​បានទទួល​ព័ត៌មាន​ពី​លោក ខេង សុ​សេធ នោះទេ​។​

គួរ​បញ្ជាក់ថា រថយន្ត​ដែល​ពាក់​ស្លាក​លេខ ហ ស ខាងលើ កំពុង​បន្ត​ដឹកជញ្ជូន​អាចម៍ដី​ពី​ទីតាំង​ភូមិ​សិលា​ខ្មែរ ក្នុង​សង្កាត់​ផ្សារកណ្ដាល យ៉ាងសកម្ម យកទៅ​ចាក់​លុប​ស្រះ​ចំនួន​៣ នៅ​ចំណុច​ជាប់​ផ្លូវជាតិ​លេខ​៥៨ ក្នុង​សង្កាត់​ផ្សារកណ្ដាល បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​អ្នកធ្វើដំណើរ​យ៉ាងខ្លាំង ដែល​ទីនោះ មិន​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រូវ​រថយន្ត​របស់​កងវិស្វកម្ម​ដឹក​ដី​យកទៅ​ចាក់​លុប​នោះឡើយ គឺ​ចាក់ដី​លុប​ស្រះ​ជា​កម្មសិទ្ធិឯកជន​សុទ្ធសាធ​៕