មេ​គយ​តាកែវ លោក កែវ វ៉ា​ន្នី រង​ការរិះគន់​កាន់តែខ្លាំង​ថា​ បន្លំ​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​វៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នៅ​ខេត្តតាកែវ ​បានធ្វើការ​រិះគន់​លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តតាកែវ កាន់តែខ្លាំងឡើងៗ ពិសេសពី​សំណាក់​ក្រុម​ឈ្មួញដែល​ប្រកប​ការរកស៊ី​ស្របច្បាប់ បន្ទាប់​មើលឃើញថា ក្រុម​គយ ក្នុង​ខេត្ត​នេះ ឃុបឃិត​គ្នា​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​វៀតណាម​បង់ពន្ធ​មិន​គ្រប់​។​

​ប្រ​ភ​ព័ត៌មាន​ពី​ឈ្មួញ​នាំ​ទំនិញ​តាម​ច្រក​ខេត្តតាកែវ វៀតណាម បាន​ឲ្យ​ដឹងថា កន្លងមកនេះ គេ​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​របស់​ឈ្មួញ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម កើតឡើង​គគ្រឹកគគ្រេង ទាំងយប់ ទាំង​ថ្ងៃ ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​នៅ​ខេត្តតាកែវ ជាពិសេស​មន្ត្រី​គយ​ក្រោម​ឱវាទ​លោក កែវ វ៉ា​ន្នី ហាក់ដូច​ជាមាន​ភាព​ធូរ​លុង​ក្នុងការ​ត្រួតពិនិត្យ មុខទំនិញ​ដែល​ឈ្មួញ​បាន​ចូល​នោះឡើយ ។ ភាព​ធូររលុង បើក​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យបាន​ដិតដល់​បែបនេះ ត្រូវគេ​ដាក់​ការសង្ស័យថា មន្ត្រី​គយ​ខាងលើ​រួមគំនិត​ជាមួយ​ក្រុម​ឈ្មួញ​ចុះ​វិក្កយបត្រ​ដោយ​បន្លំ​ពន្ធ ហើយ​មាន​ទំនិញ​ខ្លះ​ចុះបញ្ជី និង​ខ្លះទៀត​មិន​ចុះបញ្ជី ដើម្បី​យកលុយ​លម្អៀង​ទុក​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន មិន​ខ្វល់​ពី​ការរំលោភ​តួ​នា​ទិ​របស់ខ្លួន ឬ​បាត់បង់​ចំណូល​ថវិកាជាតិ​នោះឡើយ​។​

​លោក កែវ វ៉ា​ន្នី ក៏​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លួច​ទម្លាយ​ព័ត៌មាន​ចេញ​ក្រៅ ពី​ករណី​គាប សង្កត់​កូន ចៅ ដោយ​ក្តោប​ក្តាប់​រឿង​ដែល​ពាក់ព័ន្ធ​នឹង​លុយកាក់​ក្រៅបញ្ជី គឺ​ផ្តាច់មុខ​ចាប់ពី A ដល់ Z គ្មាន​ហ៊ាន​លូក​មាត់​ឡើយ​។​

​លោក កែវ វ៉ា​ន្នី នៅរសៀលថ្ងៃទី៥ ខែធ្នូនេះ មិនអាចទាក់ទងសុំការបកស្រាយបានទេ។

​ប្រភព​ដដែល​នេះ បន្តថា មន្ត្រី​គយ​ដែល​ឈរជើង​នៅតាម​ច្រកព្រំដែន​ដូចជា ច្រក​ភ្នំ​ដិ​ន ច្រក​ត្រពាំង​ក្រសាំង ច្រក​បាក់ដៃ និង ច្រក​ផ្សេងៗ​ទៀត តែងតែ​ប្រើ​អំណាច​គាបសង្កត់​ដល់​អាជីវករ​តូចតាច​ឲ្យ​បង់ពន្ធ​ថ្លៃ​កប់​ពពក ផ្ទុយ​ពី​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​វៀតណាម ត្រូវបាន​គេ​ឃុបឃិត​គ្នា​ឲ្យ​បង់ពន្ធ​តិចតួច​លើ​ទំនិញ​ចូល​ជាក់ស្តែង ឬ ក្លែង​ប្រភេទ​មុខទំនិញ ពី​ទំនិញ​មានតម្លៃ​ខ្ពស់ មកជា​ទំនិញ​មានតម្លៃ​ទាប ឬ អាច​ហៅថា ជា​ទំនិញ​ថោកៗ ឬ​បន្លំ​បរិ​មាណនៃ​ការបង់ពន្ធ​តែម្តង​។

​សូមបញ្ជាក់ថា មួយ​រយៈកាល​មកនេះ រឿងអាស្រូវ​ពុករលួយ​របស់លោក កែវ វ​ន្នី ប្រធាន​សាខាគយ និង រដ្ឋាករ​ខេត្តតាកែវ ត្រូវបាន​មហាជន​ដឹង​សុះសាយ​ច្រើនឡើងៗ ហើយ​មាន​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តតាកែវ​មួយចំនួន​ដែល​ទ្រាំ​នូវ​ទង្វើ​គាបសង្កត់​របស់លោក កែវ វ​ន្នី លែង​បាន​តទៅទៀត ចាប់ផ្ដើម​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ដំណឹង​នេះ​លេចឮ​ដល់​ថ្នាក់លើ និង​ជួយ​ចុះ​ពី​និត្យ​ចាត់វិធានការ​ទប់ស្កាត់ ចំពោះ​ករណីនេះ​ផង​៕