ខេត្តព្រះសីហនុ ៖ ទីតាំងភ្នំមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្បែរមូលដ្ឋានកងទ័ពជើងទឹករាម កំពុងត្រូវក្រុមហ៊ុនចិនមួយ ជីកកកាយយ៉ាងអនាធិតេយ្យយកអាចម៍ដីទៅចាក់រំលោភចូលឆ្នេរសមុទ្ររាប់រយម៉ែត្រ។
គួរជម្រាបថា កន្លងមកលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ធ្លាប់បានចេញសេចក្តីប្រកាសថា អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវតម្រូវឲ្យក្រុមហ៊ុនវិនិយោគទាំងអស់ ស្នើសុំអនុញ្ញាតរួចរាល់ជាមុនសិន ទើបឲ្យបើកការដ្ឋានស្ថាបនា។ ប៉ុន្តែពេលនេះ ហេតុអីបានជាក្រុមហ៊ុនវិនិយោគចិន បែរជាពុំទាន់មានច្បាប់គ្រប់គ្រាន់ផង បែរជាអាចជីកកកាយដីភ្នំ ចាក់ដីលប់សមុទ្ររាប់រយម៉ែត្រហើយ ទើបមានរដ្ឋបាលស្រុកចុះឃាត់ផ្អាកសកម្មភាព។
លោក ប្រាក់ សមប្រាថ្នា ប្រធានមន្ទីររ៉ែ និងថាមពល បានគូសបញ្ជាក់ថា ការដ្ឋានមួយនេះ ធ្វើសកម្មភាពក្រោស្លាកវិនិយោគ ប៉ុន្តែមិនទាន់មានច្បាប់ត្រឹមត្រូវពីមន្ទីរនៅឡើយទេ។តែ យ៉ាងណាក៏ដោយ លោក ប្រាក់ សមប្រាថ្នា មិនបានបញ្ជាក់ប្រាប់ថា តើក្រុមហ៊ុនណា ឈ្មោះអ្វីដែលបានធ្វើសកម្មភាពរំលោភបំពានច្បាប់នោះទេ ហើយក៏ដឹងថា គេវិនិយោគលើវិស័យ អ្វីនោះដែរ។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានអះអាងថា លោកបានបញ្ជាឲ្យរដ្ឋបាលស្រុក ចុះធ្វើកំណត់ហេតុផ្អាកសកម្មភាពការដ្ឋានមួយនេះរួចហើយ និងបានឃាត់គ្រឿងចក្រមួយគ្រឿងយកមករក្សាទុករង់ចាំក្រុមហ៊ុនមានច្បាប់គ្រប់គ្រាន់ទើបឲ្យដំណើរការវិញបាន៕