ភ្នំពេញ៖ក្នុងលិខិតសរសេរដោយមួយ ច្បាប់របស់លោក ឈាង វុន គណៈកម្មការជំនាញទី៥នៃរដ្ឋសភាបានលើកឡើងថា នឹងបើកសិក្ខាទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ប្រសិនបើប្រធានរដ្ឋសភាអនុញ្ញាត ។
គួររំលឹកថា កន្លងមកតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង១៦០ បានដាក់សំណើទៅកាន់ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ឬគណៈកម្មការទី៥នៃរដ្ឋសភា ដើម្បីចូលរួមពិភាក្សាលើសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មុនពេលច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភា។
កាលពីថ្ងៃទី២៧ ខែ ឧសភា លោក ឈាង វុន បានលើកឡើងក្នុងលិខិតថា ជាទម្លាប់ក្រោយពីទទួលសេចក្តីព្រាងច្បាប់ផ្សេងៗពីរដ្ឋាភិបាល គណៈកម្មការជំនាញរបស់រដ្ឋសភាក្រោយពីទទួលបានអាណត្តិពីគណៈកម្មការ អចិន្ត្រៃយ៍នៃរដ្ឋសភាឲ្យធ្វើការសិក្សា និងស្រាវជ្រាវពិនិត្យលើសេចក្តីព្រាងច្បាប់ គឺតែងតែធ្វើសិក្ខាសាលានៅរដ្ឋសភា ដើម្បីឲ្យដៃគូពាក់ព័ន្ធ និងសង្គមស៊ីវិលចូលរួមពិគ្រោះយោបល់ ។ លិខិតបន្តថា បើគណៈកម្មការទី៥នៃរដ្ឋសភាត្រូវបានទទួលការងារនេះ លោកនឹងធ្វើសិក្ខាសាលា ដើម្បីពិគ្រោះយោបល់ជាមួយនឹងសង្គមស៊ីវិល បើប្រធានរដ្ឋសភាលោក ហេង សំរិន អនុញ្ញាត ។
យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានសង្គមស៊ីវិលក្នុងស្រុក ព្រមទាំងតំណាងស្ថានទូតសហរដ្ឋអាមេរិក និងតំណាងអង្គការសិទ្ធិមនុស្សសហប្រជាជាតិប្រចាំកម្ពុជា បានរិះគន់ទៅលើច្បាប់នោះ និងស្នើឲ្យបើកទូលាយក្នុងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធផ្សេងៗ ៕