រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​វៀតណាម មក​វិនិយោគ​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​កម្ពុជា​-​វៀតណាម បង្កើន​ការវិនិយោគ​ទៅវិញទៅមក ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ៥​ពាន់​លាន​ដុល្លារ ដែល​បានកំណត់​កាលពី​ឆ្នាំ​២០១៥ និង​កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​ការអំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នេះ ក្នុងឱកាស​ចូលរួម​បិទ​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា ដែល​រៀបចំឡើង​នៅ​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោម​អធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ង្វៀង សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ដ្រី​វៀតណាម​។​

​បច្ចុប្បន្ន​វៀតណាម គឺជា​ដៃគូ​វិនិយោគ​ធំ​បំផុត​ទី​៥ របស់​កម្ពុជា​។ ការវិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម នៅ​ប្រទេស​កម្ពុជា មាន​ប្រមាណ ២០៦​គម្រោង ស្មើនឹង​ទឹកប្រាក់ ៣,០២ ពាន់​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​របស់​កម្ពុជា វិនិយោគ​នៅ​ប្រទេស​វៀតណាម មាន​ត្រឹមតែ ១៨​គម្រោង ស្មើនឹង​ទឹកប្រាក់ ៥៨,១​លាន​ដុល្លារ​ប៉ុណ្ណោះ​៕