រកឃើញ​នំស្លឹកស្រស់ និង​នំ​ស្រួយ មាន​ផ្ទុក​សារធាតុ​គីមី​លក់​នៅ​ផ្សារ​អូរឫស្សី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ សាខា​កាំកុងត្រូល​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ សាខា​កាំកុងត្រូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ សាខា​កាំកុងត្រូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ Kerry World Bridge Logistic និង​សាខា​កាំកុងត្រូល​រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​ការចូលរួម​សហការ​ពី​មន្ត្រី​មន្ទីរពិសោធន៍ និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ធ្វើ​សកម្មភាព​នៅតាម​បណ្តា​ផ្សារ​សំខាន់ៗ ចំនួន ០៨ នៅ​រាជធានី​ភ្នំពេញ​មានដូចជា ៖ ផ្សារ​ច្បារអំពៅ ផ្សារ​ជម្ពូ​វ័ន ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​អូរ​ឬ​ស្សី ផ្សារ​ដើម​គរ ផ្សារ​ស្ទឹងមានជ័យ ផ្សារ​ធំថ្មី និង​ផ្សារ​ទួល​ទំពូង​។ គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ​គឺ​ដើម្បី ស្រាវជ្រាវ ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ។

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​បឋម​ទៅលើ​ផលិតផល​ម្ហូបអាហារ​មួយចំនួន ដូចជា ៖ ម៉ាំ​ល្ហុង សាច់ក្រក​សាច់គោ យ៉ា​ហឺ​ផាត់ បង្គា​ក្រៀម ស្លឹកគ្រៃ​បុក ខ្ញី​ហាន់ គ្រឿង​សមុទ្រ គុយទាវ​សរសៃ​តូច លត បាញ់​កាញ់ មី​គ្រប់មុខ ទឹកខ្មេះ​គ្រប់​ប្រភេទ ប្រហិត​គ្រប់មុខ ជ្រក់​គ្រប់មុខ សាច់ក្រក ត្រីងៀត​គ្រប់មុខ និង​ទំនិញ​វេច​ខ្ចប់​ស្រាប់ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ បានធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ ។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ភាពមិនប្រក្រតី​លើ​គំរូ នំស្លឹកស្រស់ និង​នំ​ស្រួយ មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ ប្រមាណ ១២ គីឡូក្រាម នៅ​ផ្សារ​អូរ​ឬ​ស្សី ហើយ​មន្ត្រី​កាំកុងត្រូល​បានធ្វើ​កំណត់ហេតុ​ដកហូត​ទៅតាម​និតិ​វិធី និង​ធ្វើការ​កម្ទេចចោល​នៅនឹងកន្លែង ព្រមទាំង​អញ្ជើញ​អាជីវករ​មក​ធ្វើ​កិច្ចសន្យា​បញ្ចប់​ការទទួល​លក់​រហូតដល់​កែប្រែ​គុណភាព​ហើយ​។​

​ជាមួយគ្នា​នោះ​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ឲ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត ៕