ប្តឹងស្ថានីយ​ប្រេង​៣​កន្លែងនៅ​ខេត្តបាត់ដំបង ទៅ​តុលាការករណី​លក់​មិន​គ្រប់​លីត្រ និង​បន្លំ​គុណភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2018 ក+ ក-

​ខេត្តបាត់ដំបង ៖ ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន​៣​កន្លែង ស្ថិតក្នុង​ខេត្តបាត់ដំបង ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ឲ្យ​ចាត់ការ​តាមច្បាប់ បន្ទាប់ពី​បាន​រកឃើញថា​លក់​ប្រេង​មិន​គ្រប់​លីត្រ និង​បន្លំ​គុណ​ភាពជា​លើក​ទី​ពីរ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ចំនួន​៩​កន្លែង នៅក្នុង​ខេត្តបាត់ដំបង ។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ។​

​មន្ត្រី​កាំកុងត្រូល​បាន​ឲ្យ​ដឹងថា ការត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​វិភាគ​លើ​កម្រិត​ស​ន្ទ​ស្សន៍​អុក​តាន​របស់​ប្រេងសាំង សេ​តាន​របស់​ប្រេងម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​ប​ណ្តា​ស្ថានីយ និង​ដេប៉ូ​ទាំង ៩​កន្លែង​ផងដែរ ហើយ​ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ បាន​រកឃើញថា​​ក្នុងចំណោម​ស្ថានីយ និង​ដេប៉ូ​ទាំង​៩​កន្លែង មាន​ចំនួន​៥​ទីតាំង មិនមាន​អនុលោមភាព​ផ្នែក​បរិមាណ គឺ​លក់​មិន​គ្រប់​លីត្រ រួមមាន ៖
១.​ដេប៉ូ SOKIMEX ឆៃ លី ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ឃុំ អន្លង់​វិល ស្រុក​សង្កែ​
២.​ដេប៉ូ តេ​លា ហេង ឆៃលី ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ឃុំ អន្លង់​វិល ស្រុក​សង្កែ​
៣.​ដេប៉ូ តេ​លា ទួល ចារ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ឃុំ អន្លង់​វិល ស្រុក​សង្កែ​
៤.​ស្ថានីយ សូគីម៉ិច ស៊ុន ឃីម ស្ថិតនៅ​ឃុំ​ចំការ​ឫស្សី ស្រុក​ព្រែក​ព្រះស្តេច​
៥.​ស្ថានីយ តេ​លា ផ្លូវបំបែក​ប៉ៃលិន ឃុំ​វត្ត​គរ ក្រុង​បាត់ដំបង​។

​ចំណែក ស្ថានីយ និង​ដេប៉ូ​ចំនួន​២ លក់​មិន​គ្រប់​លីត្រ និង​បន្លំ​គុណភាព មាន ៖
១.​ដេប៉ូ LHR ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ឃុំ អន្លង់​វិល ស្រុក​សង្កែ​
២.​ស្ថានីយ សា​វី​ម៉ិច រ៉ុង ប៉ុក ឃុំ​ដំណាក់​ហ្លួង ក្រុង​បាត់ដំបង​។​

​នៅពេលនោះ​មន្ត្រី​ជំនាញ​បាន​ឲ្យ​ម្ចាស់ ស្ថានីយ និង​ដេប៉ូ​ចំនួន ៤កន្លែង ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាព មិន​អនុលោម លើក​ទី​១ ។​

​ដោយឡែក​ស្ថានីយ និង​ដេប៉ូ​ចំនួន​៣​កន្លែង​ទៀត មានដូចជា ៖
១.​ស្ថានីយ សូគីម៉ិច ស៊ុន ឃីម ស្ថិតនៅ​ឃុំ​ចំការ​ឫស្សី សង្កាត់ ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​
២.​ស្ថានីយ សា​វី​ម៉ិច រ៉ុង ប៉ុក ឃុំ​ដំណាក់​ហ្លួង ក្រុង​បាត់ដំបង​
៣.​ស្ថានីយ តេ​លា ផ្លូវបំបែក​ប៉ៃលិន ឃុំ​វត្ត​គរ ក្រុង​បាត់ដំបង ត្រូវបាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​បាន​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ដើម្បី​ចាត់ចែង​តាម​នីតិវិធី ក្រោយ​ត្រូវបាន​រកឃើញ​ភាពមិន​អនុលោម​ជា​លើក​ទី​២ ។

ចំពោះ​តម្លៃ​លក់រាយ​មាន​ស្ថានីយ​/​ដេប៉ូ ៤ផ្សេងទៀត ​ដែល​បាន​លក់​ប្រេង​មានតម្លៃ​ខ្ពស់ជាង​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម កំពុង​ទទួល​ការព្រមាន ៕ ដោយ ៖ សុផល​