ផ្ទុះ​រឿង​មេ​ពន្ធដារ​ខណ្ឌទួលគោករង​បណ្តឹង​នៅ ACU ករណី​ជំរុញ​ឲ្យ​​កូនចៅដើរ​កៀបអាជីវករ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2018 ក+ ក-

ភ្នំពេញ ៖ ប្រធាន​សាខា​ពន្ធដា​ខណ្ឌទួលគោក លោក យិន ចិន្តា​វុ​ឌ្ឍ ត្រូវបាន​ប្រជាពលរដ្ឋ ២​រូប ដាក់ពាក្យ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង​បាញ់​បង្ហោះ​ឯកសារ​បណ្តឹង​នោះ ជូនទៅ​ថ្នាក់ដឹកនាំ​ជាច្រើន​នាក់​ឲ្យ​បាន​ជ្រាប​អំពី​ករណី​កៀបសង្កត់​អាជីវករ និង​កូនចៅ​ក្រោម​ឱវាទ​។​

​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​០១៨ របស់​ឈ្មោះ អ៊ុ​ល ចាន់​រី និង​ឈ្មោះ ព្រំ ផល្លី ដែល​« មេគង្គ​ប៉ុស្តិ៍ » ទើប​ទទួលបាន​នៅ​ថ្ងៃទី​៧ ខែធ្នូ នេះ បាន​អះអាងថា ពួកគាត់​ជា​បងប្អូន​ជាមួយនឹង​មន្ត្រី​ពន្ធដារ បានសម្រេច​ដាក់ពាក្យ​បណ្តឹង ជូន​ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ថា លោក យិន ចិន្តា​វុ​ឌ្ឍ ប្រធាន​សាខា​ពន្ធដារ​ខណ្ឌទួលគោក បាន​យក​តួនាទី​របស់ខ្លួន​ទៅ​កៀបសង្កត់​ជិះជាន់ កូនចៅ​ក្រោម​ឱវាទ និង​បង្ខំ​ឲ្យ​កូនចៅ​ដើរ​កៀបសង្កត់​អាជីវករ​ក្នុង​ខណ្ឌ​យកលុយ​ឲ្យ​ខ្លួន​។​​ប្រសិនបើ​មន្ត្រី​ណា​រកលុយ​បាន​តិច​ត្រូវ​លោក យិន ចិន្តា​វុ​ឌ្ឍ ស្តីបន្ទោស និង​គំរាម​ដក​ចោល ពី​ដំណែង​ទៀតផង​។ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​លោក យិន ចិន្តា​វុ​ឌ្ឍ ចេញមុខ​កាង​ផ្ទាល់ គឺ​ហាម​មិន​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ណា​ម្នាក់​ទៅ​ក្បែរ​នោះទេ​។​

​ពាក្យបណ្តឹង​ក៏បាន​រៀបរាប់ថា ចាប់តាំងពី​លោក យិន ចិន្តា​វុ​ឌ្ឍ ចូលកាន់​តំណែង ជា​ប្រធាន​សាខា ពន្ធដា ខណ្ឌទួលគោក មាន​មន្ត្រី​ល្អៗ ច្រើន​នាក់ បាន​ខ្ទាត​ចេញពី​តំណែង ព្រោះ​ពួកគេ មិនចេះ​អែបអប​លោក​ប្រធាន​រូបនេះ​។​

​ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក យិន ចិន្តា​វុ​ឌ្ឍ បាន​ប្រើ​មន្ត្រី​ជំនិត​របស់ខ្លួន​ឈ្មោះ ទេប កប ឲ្យ​ដើរ​ប្រមូល​លុយ​ឲ្យ​ខ្លួន និង​ឲ្យ​ឈ្មោះ ទេប កប នេះ ឈរឈ្មោះ​កាន់កាប់​ដីធ្លី​របស់ខ្លួន​ទៀតផង ដើម្បី​បំភាន់​ភ្នែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​គូរ​រំលឹកថា កាលពី​អំឡុង​ឆ្នាំ​២០១២ នៅពេលដែល​លោក​នៅ​ជា ប្រធាន​សាខា​ពន្ធដា​ខណ្ឌចំការមន លោក យិន ចិន្តា​វុ​ឌ្ឍ ធ្លាប់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្តឹង និង​រិះគន់​រឿង ភាពមិនប្រក្រតី ក្នុងការ​ប្រមូល​ពន្ធ ពី​មធ្យោបាយ​ធ្វើដំណើរ និង​ពន្ធ​ផ្សេងៗ​ទៀត ជាច្រើន​ករណី ហើយ​នៅក្រោយពី​បែកធ្លាយ​រឿងអាស្រូវ​កិបកេង និង​កៀបស៊ី​អាជីវករ នៅ​ខណ្ឌចំការមន លោក យិន ចិន្តា​វុ​ឌ្ឍ ត្រូវបាន​ថ្នាក់លើ​ផ្តាស់​ប្តូរ​ឲ្យ​ទៅធ្វើជា​ប្រធាន​សាខា​ពន្ធដារ ខណ្ឌទួលគោក​វិញ ដែល​មកដល់ពេលនេះ នៅតែ​កើតមាន​រឿងរ៉ាវ​ស្រដៀង​គ្នា​នឹង​កន្លែងចាស់​ដដែល​។​

​ដោយសារ​ហេតុផល​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទ្រាំលែងបាន ក៏​សម្រេច​ដាក់ពាក្យ​ប្តឹង ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​មួយចំនួន​ឲ្យ​ជួយ ពិនិត្យមើល​ទង្វើ​ពុករលួយ​របស់លោក យិន ចិន្តា​វុ​ឌ្ឍ ឡើងវិញ​ផង ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ត​យស​ដល់​ស្ថាប័ន​ពន្ធដារ និង​មន្ត្រី​ពន្ធដារ​ដែល​ខិតខំ​បំពេញការងារ​ដោយស្មោះ​ត្រង់​ដទៃទៀត​៕