​លោក ឈឹម ចន្ថា រកស៊ី​នាំ​ម៉ូតូ «​ក្តៅ​»​ពី​ថៃ មក​កម្ពុជា (Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​ប៉ោយប៉ែត ៖ បទល្មើស​សេដ្ឋកិច្ច​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ គេ​សង្កេតឃើញថា កំពុងតែ​កើតមាន​ពេញបន្ទុក ក្នុងនោះ​គឺ​ការ​នាំចូល​ម៉ូតូ​គ្រប់​ស៊េរី PCX និង​រថយន្ត​ស៊េរី​ទំនើប​ជាច្រើន​ប្រភេទ ក្រោម​ទង្វើ​គប់គិត​គ្នា​រវាង​មន្ត្រី​យោធា ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​ក្នុង​ស្ថាប័ន​ជំនាញ​មួយរូប​ដែល​ប្រចាំការ​នៅ​ច្រកព្រំដែន​មួយ​ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​ដដែល​នេះ បាន​អះ​អង​អាង​ថា ជាក់ស្ដែង​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ មាន​ម៉ូតូ​ស៊េរី​ទំនើប​ម៉ាក PCX ជាច្រើន​គ្រឿង​ត្រូវបាន​ក្រុម​ស៊ីឈ្នួល ជិះ​ឆ្លងដែន​ចេញពី​ចំណុច​ភូមិ​ដំណាក់​កកោះ ក្នុងស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ យកទៅដាក់​តាម​គោលដៅ​ដែល​មេខ្លោង​បានកំណត់ ដូចជា​នៅ​ទី​រួម​ខេត្ត​បន្ទាប​មានជ័យ និង​ក្រុង​ប៉ោយប៉ែត​។ អ្វីដែល​ជាក់ស្ដែង​ជាង​នេះ គឺ​គេ​ឃើញ​នៅក្នុង​ព្រៃ​ក្បែរ​ច្រកព្រំដែន គេ​ឃើញ​មាន​ស្លាក់​លេខ និង​ឯកសារ​ម៉ូតូ​ជា​ភាសា​ថៃ ដែល​ក្រុម​ជួញដូរ​បាន​ដោះ​ស្លាក​ថៃ​ចេញ ជំនួស​ដោយ​ស្លាក​លេខ​ក្លែងក្លាយ​ដើម្បី​បំភ័ន​សមត្ថកិច្ច​។​

​ប្រភព​ដដែល​នេះ បន្ថែមថា ក្រុម​ស៊ីឈ្នួល​ជិះ​ចេញពី​ចំណុច​ដំណាក់​កកោះ ក្នុង​ស្រក​ស្វាយចេក នាំយក​ទៅដល់​ប៉ោយប៉ែត ក្នុង​ម៉ូតូ​១​គ្រឿង​បាន​តម្លៃ ៥០០​បាត (​លុយ​ថៃ​) ហើយ​បើ​ជិះ​នាំយក​ទៅដល់​បន្ទាយមានជ័យ​បាន​តម្លៃ​១០០០​បាត​។​

​ប្រភព​សមត្ថកិច្ច​បង្ហើ​ប​ថា ម៉ូតូ​ក្តៅ​ទាំងអស់នោះ ជា​របស់​ឈ្មោះ ឈឹម ចន្ថា ហៅ​ត្រប់ មេ​ឈ្មួញ​យ៉ាងសកម្ម ក្រោម​ឥទ្ធិពល​លោក​ផ្កាយ​ម្នាក់ ក្នុង​ការនាំ​ម៉ូតូ​ក្តៅ​ឆ្លងដែន ដោយ​មុនពេល​យក​ឆ្លងដែន​ត្រូវបាន​ឈ្មោះ ឈឹម ចន្ថា បាន​ចាត់តាំង​មនុស្ស​ជំនិត​ឲ្យ​ជិះ​ម៉ូតូ​ត្រៃ ដើរ​មើលផ្លូវ និង​ទាក់ទង​បើកផ្លូវ​ជាមុន​។​

​ប្រភព​ដដែល​ញ្ជា​ក់ថា ពួកគាត់​គ្មាន​តួនាទី​ចាប់​នោះឡើយ ហើយ​ម្យ៉ាងទៀត ខ្លាច​អស់បុណ្យ​ស័ក្តិ ព្រោះថា​ម៉ូតូ​ទាំងនោះ មាន​ជាប់​ពាក់​ព័​ន្ឋ​ទៅ​អ្នកធំ​ផ្កាយ​នៅក្នុង​ខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្ត​ទៀតផង មិនតែប៉ុណ្ណោះ​ម៉ូតូ​ដែល​គេ​ជិះ​ពី​ព្រំដែន​យកទៅ​ឲ្យ​កូនលោក​ផ្កាយ​១ និង​ផ្កាយ​២ ជា​អ្នក​ចែកចាយ​។​

​ប្រភព​ដដែល​នេះ បន្តថា បទ​ល្មើ​សេដ្ឋកិច្ច​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ក្នុងស្រុក​អូរជ្រៅ​/​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ពិសេស​ករណី​លួច​រកស៊ី​ជាមួយ​ក្រុម​ជួញដូរ​ម៉ូតូ និង​រថយន្ត​ក្តៅ​នៅ​ស្រុកថៃ ដោយ​គប់គិត​ជាមួយ​សមត្ថកិច្ច​ព្រំដែន​កម្ពុជា បាន​ស្ងប់ស្ងាត់​មួយរយៈ តែ​ឥឡូវនេះ បាន​កម្រើក​ឡើងវិញ​យ៉ាងខ្លាំង​ក្រោម​អំណាច​របស់​មន្ត្រី​យោធា​ថ្នាក់​ផ្កាយ និង​កូនចៅ​សាច់ញាតិ​ថ្នាក់ដឹកនាំ​កំពូលៗ​ខ្លះ ( សុំ​មិន​បញ្ចេញ​ឈ្មោះ ) នៅក្នុង​ខេត្តបន្ទាយមានជ័យ ។​
​ជុំវិញ​ករណី​រិះគន់​ដូចខាងលើ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក ឈឹម ចន្ថា ដើម្បី​សុំ​ការពន្យល់​បានទេ ព្រោះ​ចុច​ចូល​ទូរស័ព្ទ​របស់លោក​ច្រើនដង​ដែរ តែ​ជាប់រវល់​រហូត​។

​គួររំលឹកថា សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ដោយ​ព្រមាន​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​លោក​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ថ្មី ឲ្យ​បិទ​ច្រករបៀង​ទាំងអស់​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ប្រយោជន៍​ដើម្បី​ទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន និង​បទល្មើស​នានា ដែល​សម្តេច​បាន​ព្រមាន​ថា លោក​មិនមែន​មិនដឹង​រឿង​បទល្មើស​នៅ​ព្រំដែន​នោះទេ ដូច្នេះ​សម្តេច​បានជា​ស្នើ​ឲ្យ​បិទ​ទាំងអស់​តែម្តង​៕