កាំកុងត្រូល​ប៉ោយប៉ែត យក​សាច់​ខូចគុណភាព​ដែល​រឹបអូស​បាន លក់​បន្ត​ឲ្យ​ឈ្មួញ ? (Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ចំណីអាហារ​គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ មាន​ផ្ទុក​សារធាតុ​គីមី និង​ជា​ទំនិញ​ខូចគុណភាព ដូចជា ប្រហិត បន្លែ ត្រី សាច់ ជាពិសេស​គឺ​កាកសំណល់​សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ និង​ពោះ វៀន​ជ្រូក ជាដើម ត្រូវបាន​ឈ្មួញ​បាន​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រកទ្វារព្រំដែន​អន្តជាតិ​ប៉ោយប៉ែត មក​កម្ពុជា​មិន​ក្រោម​២០​តោន​ទេ​ក្នុង​មួយថ្ងៃៗ ដោយ​ភាគច្រើន​គ្មាន​ការត្រួតពិនិត្យ ឬ ទប់ស្កាត់​ពី មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន​នោះឡើយ​។

​ជាងនេះទៀត នាពេល​ថ្មីៗ​នេះ សំណល់ គ្រឿងក្នុង​ចម្រុះ​ជ្រូក​ជាង​១​តោន ដែល​ចាប់​រឹបអូស​បាន​ពី​ឈ្មួញ ត្រូវបាន​ឃុបឃិត​គ្នា​យកទៅលក់ បន្ត​ឲ្យ​ឈ្មួញ​ផ្សេងទៀត​។ នេះ​បើតាម​ការអះអាង​ពី​ឈ្មួញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ លួច​បង្ហើប​ប្រាប់​ឲ្យ​ដឹង កាលពី​ថ្ងៃទី​៦ ខែធ្នូ កន្លងទៅនេះ​។​

​ករណីនេះ លោក សាន វិជ្ជា​សា​រ៉ាវុធ ជា​មេ​កាំកុងត្រូល​ប្រចាំ​ច្រក​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​អ្នក​រង​ការចោទប្រកាន់​ធំជាងគេ ព្រោះ​លោក​ជា​អ្នក​ទទួលខុស​ខ្ពស់​លើ​បញ្ហា​នេះ​។ នេះ​បើតាម​ការអះអាង​បញ្ជាក់​របស់​មន្ត្រី​ប្រចាំការ​មួយរូប នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​
​បើ​យោងតាម​ច្បាប់​មន្ត្រី​កាំកុងត្រូល​មាន​បេសកកម្ម​ដូចខាងក្រោម ៖ ១ – ធានា​គុណភាព សុវត្ថិភាព​ផលិតផល និង​សេវា​ដើម្បី​ការពារ សុខុមាលភាព និង​សុវត្ថិភាព​អ្នកប្រើប្រាស់​។ ២ – ធានា​កិច្ចការពារ​ផលប្រយោជន៍ និង​សេដ្ឋកិច្ច​របស់​អ្នកប្រើប្រាស់​។ ៣ – ធានា​អនុលោមភាព​នៃ​បណ្តា​លក្ខ​ខ​ណ្ខ តម្រូវ​ឲ្យ​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម និង​៤ – ទទួល​ធ្វើ​សេវា​ត្រួតពិនិត្យ​លក្ខខណ្ឌ​ជា​ភាគី​ទី​បី​។ ប៉ុន្តែ​មន្ត្រី​ក​កុងត្រូល​បែរជាយក​តួនាទី​បេសកកម្ម​នេះ​ទៅ​ទ្រាប់​គូថ​អង្គុយ ហើយ​ឃុបឃិត​ជាមួយ​ពួក​ឈ្មួញ​រកស៊ី​ទុច្ចរិត ប្រព្រឹត្ត​អំពើពុករលួយ និង​មិន​ខ្វល់​ពី​ផលប៉ះពាល់​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​អ្នកទទួល​ទាន​ឡើយ​។​

​សូម​រម្លឹកថា កាលពី កន្លងទៅ​ថ្មីៗ​នេះ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​ចុះ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​មន្ត្រី​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រោយពី​កត់សម្គាល់​ឃើញថា ការងារ​កាំកុងត្រូល​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ដឹកនាំ​ដោយ​លោក សាន្ត វិជ្ជា​សា​រ៉ាវុធ មានការ​ចុះខ្សោយ​ជាខ្លាំង ដោយសារតែ​ការដឹកនាំ​មិនបាន​ល្អ គ្មាន​សាមគ្គីភាព​ផ្ទៃក្នុង ហើយ​លោក សាន្ត វិជ្ជា​សា​រ៉ាវុធ តែងតែ​ប្រើ​អំណាច​ជា​ប្រធាន​សាខា ធ្វើការ​គាបសង្កត់​ដល់​មន្ត្រីក្រោមឱវាទ​ឲ្យ​ខ្លាចញញើត យក​សាច់ញាតិ និង​មនុស្ស​ជំនិត​របស់ខ្លួន​ជា​ស៊ីវិល​ក្រៅ​ក្របខ័ណ្ឌ និង​គ្មាន​ជំនាញ ឲ្យ​មក​ធ្វើ​ការងារ​កន្លែង​ខ្លាញ់ រីឯ​មន្ត្រី​ជំនាញ​ពិតប្រាកដ​ដែលមាន​តួនាទី​ភារកិច្ច បែរជា​ចាត់តាំង​ឲ្យ​ទៅធ្វើ​ការងារ​កន្លែង​ផ្សេងៗ​ទៅវិញ ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ​នាំគ្នា​មិន​ពេញចិត្ត​នូវ​ទង្វើ​ដឹកនាំ​របៀប​ផ្តាច់ការ បក្សពួកនិយម របស់លោក សាន្ត វិជ្ជា​សា​រ៉ាវុធ​។​
​សូមបញ្ជាក់ថា រាល់​ពេលដែល​សមត្ថកិច្ច​ជំនាញ​តាម​បណ្តា​ខេត្ត ក្រុង ដូចជា បន្ទាយមានជ័យ​បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប និង​កំពង់ធំ ជាដើម ចុះ​ត្រួតពិនិត្យ និង​បង្ក្រាបបាន ប្រហិត ឬ កាកសំណល់ សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ និង​ទំនិញ​ខូចគុណភាព​ម្តងៗ​រាប់សិប​តោន ត្រូវ​ឈ្មួញ​ឆ្លើយថា នាំចូល​ពី​ថៃ​តាម​ច្រក​ប៉ោយប៉ែត ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក សាន វិជ្ជា​សា​រ៉ាវុធ​។​

​ប្រភពព័ត៌មាន​បាន​ទម្លាយ​ឲ្យ​ដឹងថា កន្លងទៅ​ថ្មីៗ​នេះ​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​បញ្ជា​ឲ្យ​កូនចៅ​យក​គ្រឿងក្នុង​ចម្រុះ​ជ្រូក​ជាង​១​តោន ដែល​ចាប់​រឹបអូស​បាន​ពី​ឈ្មួញ យកទៅលក់​បន្តក្រោមលេស​ថា គ្មាន​កន្លែង​សម្រាប់​ដុត​កម្ទេចចោល​ទៅវិញ​។​
​ជាមួយនេះ ការនាំ​សាច់​ខូចគុណភាព​ចូល​គ្មាន​ការត្រួតពិនិត្យ​ពី​ម​ន្រី្ត​ជំនាញ​ខាងលើ​នោះឡើយ ដោយ​គ្រាន់តែ​តម្រូវ​បង់ប្រាក់​ទៅ​ឲ្យ​មន្ត្រី​កាំកុងត្រូល​ក្នុង​១​ខែ​ចាប់ពី​១០​ម៉ឺន​រៀល​ឡើង ទៅ តាម​មុខទំនិញ​តិច ឬ​ច្រើន​។​

ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ មិនអាច​សុំ​ការពន្យល់​ពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំ​កុង​ត្រូវ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ពាក់ព័ន្ធ​នឹង​ការរិះគន់​ដូចខាងលើ​នេះ​បានទេ​ដោយ​ទូរ​សព្ទ័​ជាប់រវល់​៕