កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​ទីផ្សារ​មូលធន ក្នុង​តំបន់​ទន្លេមេគង្គ​លើក​ទី​៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2018 ក+ ក-
​ភ្នំពេញ ៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​ទី​១៤ ខែធ្នូ នេះ បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច ប្រជុំ “​កិច្ចសហប្រតិបត្តិការ​ទីផ្សារ​មូលធន ក្នុង​តំបន់​ទន្លេមេគង្គ​លើក​ទី​៨ នៅ​រាជធានី​ភ្នំពេញ ដោយ​​មានការ​ចូលរួម​ពី​តំណាង​ប្រទេស កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ប្រទេស​ថៃ ក្នុងគោលបំណង​ដើម្បី​ផ្តល់ឱកាស​ដល់​ប្រទេស​ជា​សមាជិក​ធ្វើការ​ចែករំលែក​បទពិសោធ​ន៏​ថ្មីៗ រួមមានៈ ការធ្វើ​បច្ចុប្បន្នភាព​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ បញ្ហា​ប្រឈម ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​មូលធន និង​ការពិភាក្សា វែកញែក​រក​វិធីសាស្ត្រ ក៏ដូចជា​តាមដាន​ការងារ​ដែល​បាន​ដាក់ចេញ​កន្លងទៅ ព្រមទាំង​ការងារ​ដែលត្រូវអនុវត្ត​បន្ត ដើម្បីឱ្យ​ប្រទេស​សមាជិក​ទាំងអស់​ទទួល​បាន​នូវ​ការអភិវឌ្ឍ​ទីផ្សារមូលធន​ប្រកបដោយ​ចីរភាព និង​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាពជាក់ស្តែង​របស់​ទីផ្សារនៅក្នុង​ប្រទេស​ជា​សមាជិកក្នុង​តំបន់ និង​អន្តរជាតិ​។

សូម​ជម្រាបជូន​ថា​៖ កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​ទីផ្សារ​មូលធន​ក្នុង​តំបន់​ទន្លេមេគង្គ ត្រូវបាន​ចាប់ ផ្តើម ឡើង​នៅក្នុង​ឆ្នាំ​២០១៣ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​និយ័ត​ករ​មូល​ប​ត្រ នៃ ប្រទេស​អនុតំបន់ ទន្លេមេគង្គ​ចំនួន ៥ ជា​សមាជិក​រួមមាន​៖ ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ប្រទេស ថៃ​។

​កិច្ចប្រជុំ​“​កិច្ចសហប្រតិបត្តិការ​ទីផ្សារ​មូលធន​ក្នុង​តំបន់​ទន្លេមេគង្គ​លើក​ទី​៨​នេះ​ប្រព្រឹត្តទៅ ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា មានការ ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​និយ័ត​ករ​មូល​ប​ត្រ និង​វាគ្មិន​ដែលមាន​បទពិសោធន៍​អនុវត្ត​ជាក់ ស្តែង​នៅក្នុង វិស័យ​មូល​ប​ត្រ និង​វិនិយោគ​ផ្សេងៗ​យូរ​ឆ្នាំ នៅក្នុង​ប្រទេស​អនុតំបន់​ទន្លេមេគង្គ​។ លើសពីនេះ កិច្ច ប្រជុំ​ក៏មាន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ពហុភាគី​ស្តីពី “​កិច្ច​សហ ប្រតិបត្តិការ និង​ការ អភិវឌ្ឍ​ទីផ្សារ​មូលធន​នៅក្នុង​ប្រទេស​អនុតំបន់​ទន្លេមេគង្គ​” រវាង​និយ័ត​មូល ប​ត្រ​របស់​ប្រទេស​ជា សមាជិក​ទាំង ៥ ផងដែរ​៕