កសិករ​ត្អូញត្អែរ​ពី​ទិន្នផល​ដំឡូង​មី​ធ្លាក់ចុះ ខណៈ​តម្លៃ​កើនឡើង​បន្តិច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2018 ក+ ក-

​ប្រជាកសិករ​ដាំ​ដំណាំ​ដំឡូង​មី នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បានឱ្យ ដឹង ថា ទិន្នផល​ដំឡូង​មី​ឆ្នាំនេះ បាន​ថយចុះ​ជាង​ឆ្នាំមុន គឺ​ពុំ​សូវ​មាន​មើម​នោះទេ ពោលគឺ​ខុសគ្នា​ដាច់ស្រឡះ ពី​ឆ្នាំមុន​តែម្តង ដោយ​ក្នុង​មួយ​ហិកតា​បាន​ផល​ត្រឹមតែ ៨ ទៅ ១០ តោន​ប៉ុណ្ណោះ ។ តែ ចំពោះ​តម្លៃនៅលើទីផ្សារ​កើនឡើង​ជាង​ឆ្នាំមុន​។

​ប្រជាកសិករ​លើកឡើង​ថា ការប្រមូល​ផល​ដំឡូង​មី​នៅ​ឆ្នាំមុន អាច​ទទួលបាន​ផល​ប្រហែល ១៥ តោន ទៅ ២៥​តោន តែ​ឆ្នាំនេះ​ដំឡូង​មី​មិនសូវមាន​មើម​នោះទេ ដោយ​ក្នុង​មួយ​ហិកតា​បាន​ផល​ត្រឹម តែ ៨ ទៅ ១០​តោន​ប៉ុណ្ណោះ ។

​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ផ្ទៃដី ដាំ​ដុះ​ដំឡូង​មី​ទូទាំង ខេត្តមណ្ឌលគិរី មាន​ប្រមាណ​១​ម៉ឺន​២​ពាន់​ហិកតា គឺ​ប្រហាក់ប្រហែលគ្នា​នឹង​ឆ្នាំមុន ។ ឆ្នាំនេះ មិន សូវ​មាន​មើម គឺ​មកពី​កត្តា​ដី​ខ្វះ​ជីជាតិ ព្រោះតែ​បងប្អូន​កសិករ​ដាំ​ដំណាំ​ដដែលៗ លើដី​ចាស់​ដែល​រិច​រិល​អស់​ជីវជាតិ ហើយ​ករណីនេះ ខាង​មន្ទីរជំនាញ ក៏​ធ្លាប់បាន​ចុះ ណែ នាំ ឱ្យ​ផ្លាស់ប្តូរ​មុខ​ដំណាំ​ដែរ ដើម្បី​ប្រែក្លាយ​ដី​ឱ្យមាន​ជីវជាតិ​ឡើងវិញ​នោះ ៕