ផឹកស៊ី​ក្លែមសំដី​វាយ​គ្នា​ប្រាវ​បែក​កញ្ចក់​ឡាន​ឡង់​គ្រី​ស័​រ​ទំនើប​១​គ្រឿង និង​របួស​៥​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស៥នាក់ ក្នុងចំណោមបុរស ៦​ទៅ ៧​នាក់ ដែលជាជាង​មាស បានរបងរបួស ខណៈ​ចូលទៅ​ផឹកស៊ី នៅក្នុង​ភោ​ជនី​ដ្ឋា​ន​ម្ហូប​ខ្មែរ​គាប់ចិត្ត នៅ​ម្តុំ​ផ្សារ​សាំ​ហាន់ សង្ស័យ​ទាក់​ពាក្យសំដី​គ្នា រហូត​ឈានទៅដល់​ធ្វើការ​វាយ​គ្នា​ឡើង​ផ្អើល​ពេញមុខ​ហាង មាន​​ខ្លះ​របួស​ទៀតផង ហើយ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង ៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ចៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ផ្សារ​សាំ​ហាន់ នៅ​ចំណុច​​ភោ​ជនី​ដ្ឋា​ន​ម្ហូប​ខ្មែរ​គាប់ចិត្ត ស្ថិតនៅក្នុង​​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។​

​សមត្ថកិច្ច បានអោយដឹងថា​​មុនពេល​កើតហេតុ​ភាគី​ទាំងសងខាង​សរុប​ទាំងអស់ ៦ ទៅ​៧​នាក់ នេះ​សុទ្ធតែជា​មិត្ត​ភ័​ក្រ​ដែល​រកស៊ី​ធ្វើ​ជាងមាស​ជាមួយគ្នា ហើយ​ពួកគេ​ទាំងអស់នោះ បាន​ចូលទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅក្នុង​បន្ទប់​ខារ៉ាអូខេ យីហោ ម្ហូប​ខ្មែរ​គាប់ចិត្ត លុះ​ពេលដែល​ផឹកស៊ី និង​ច្រៀង​រួចរាល់​ហើយ ក៏​គិតលុយ ប៉ុន្តែ​មិនដឹងថា​ភាគី​ទាំងសងខាង​នេះ គាត់​ទាក់​ពាក្យសំដី​គ្នា​រឿង​អ្វី​ទេ ស្រាប់​ទាញយក​កែវ​ចាន​គុប និង​វៃ​គ្នា​នៅក្នុង​បន្ទប់​ខារ៉ាអូខេ រហូត​ឈានទៅដល់​របួស​រៀងៗ​ខ្លួន ទើប​ត្រូវបាន​សន្តិសុខ​គាត់​ហាមឃាត់ មិនអោយ​ឈ្លោះប្រកែក​គ្នា​។

លុះ​ពេល​ដល់​ឃាត់​អោយ​ចេញទៅ​ក្រៅ​រួចហើយ ភាគី​ទាំងសងខាង​បាននាំគ្នា​ចេញទៅ​ក្រៅ​ហាង រួច​ក៏​វៃ​គ្នា​មួយ​សារ​ទៀត បង្ក​អោយ​ផ្អើល​ទៅដល់​សមត្ថកិច្ច ខណ្ឌឫស្សីកែវ ចុះមក​អន្តរាគមន៍ ឃាត់​នាំខ្លួន​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​ទួល​សង្កែ​១ បន្ថែមទៀត តែ​សមត្ថកិច្ច​មិនទាន់​ឲ្យ​ដឹងថា ខាង​ណា​ជា​ជនបង្ក និង​ខាង​ណាស់​ជា​ជនរងគ្រោះ​នោះទេ ប៉ុន្តែ​ឃាត់ខ្លួន​បាន​៥​នាក់​តែប៉ុណ្ណោះ ម្ខាង​២​នាក់​បែកក្បាល និង​ម្ខាង​៣​នាក់​បែក​ភ្នែក​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​គាត់​លួច​ថត​បាន​ពេលដែល​កើតហេតុ ប្រាប់ថា គេ​ឃើញ​ខាង​ភាគី​២​នាក់​ដែល​បែកក្បាល គឺ​គ្នា​គាត់​នាំគ្នា​វៃ​ក​ញ្ច​ត់រថ​យន្ត​ឡង់​គ្រី​ស័​រ​ស៊េរី​ទំនើប​ពណ៌ ស ពាក់​ស្លាក​​លេខ​ភ្នំពេញ 2 AU 7254 បណ្តាលអោយ​បែក​ទាំងមុខ និង​ទាំងក្រោយ ទើប​ក្លាយជា​រឿង​ធំ​។​

​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​ត្រូវបាន​សមត្ថកិច្ច​ប​ញ្ចូ​ន​បន្ត​ទៅកាន់​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ដើម្បី​សួរនាំ និង​ចាត់ការ​​បន្ត​ទៅតាម​នីតិ​វិធី​៕