សម្តេច​តេ​ជោ ដាក់​កំហិត​ឲ្យ​​ដោះស្រាយ​បន្ទាន់​ចំពោះ​បណ្តាញ និងតម្លៃ​ភ្លើង​នៅតាម​ផ្សារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​ភ្នំពេញ ៖ យោងតាម​ហ្វេ​ស​បុក ពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន ឲ្យ​ដឹងថា សម្តេច​តេ​ជោ បញ្ជា​យ៉ាង​កំហិត​ដល់​មន្ត្រី​ពាក់ព័ន្ធ​នឹង​អគ្គិសនី​ឲ្យ​ចុះ​ជាបន្ទាន់​ដោះស្រាយ​តម្លៃ​ភ្លើង​នៅតាម​ទីផ្សារ​ឲ្យ​មានតម្លៃ​ដូច​រាជរដ្ឋាភិបាល​បានកំណត់​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ បញ្ជាក់ថា “​សម្តេច​តេ​ជោ បញ្ជា​យ៉ាង​កំហិត​ដល់​មន្ត្រី​ពាក់ព័ន្ធ​នឹង​អគ្គិសនី​ឲ្យ​ចុះ​ជាបន្ទាន់​ដោះស្រាយ​តម្លៃ​ភ្លើង​នៅតាម​ទីផ្សារ​ឲ្យ​មានតម្លៃ​ដូច​រាជរដ្ឋាភិបាល​បានកំណត់​”​។

ការបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នេះ ធ្វើឡើង​បន្ទាប់ពី​នៅតាម​ផ្សារ​មួយចំនួន តម្លៃ​ភ្លើង​រដ្ឋ​ថ្លៃ​១៦០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​សម្ពោធ​ដាក់ ឲ្យ​ប្រើប្រាស់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ កាលពី​ថ្ងៃទី​១៧ ធ្នូ កន្លងទៅ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បញ្ចុះតម្លៃ​។ សម្តេច​បន្តថា ប្រជា ពលរដ្ឋ​ដែល​ប្រើប្រាស់​អគ្គិសនី ចាប់​១​គីឡូវ៉ាត់​ដល់ ១០​គីឡូវ៉ាត់​ក្នុង​មួយខែ ហើយ​ត្រូវ​បង់ថ្លៃ ៤៨០​រៀល​នោះ នឹងត្រូវ​បញ្ចុះតម្លៃ​មក​បង់​ត្រឹម ៣៨០​រៀល​។ចំណែក​ពលរដ្ឋ​ប្រើប្រាស់​ពី​១១ ដល់ ៥០​គីឡូវ៉ាត់​មួយខែ ដែល​ត្រូវ​បង់ថ្លៃ ៦១០​រៀល ត្រូវ​បញ្ចុះ​ថ្លៃ​មក​ត្រឹម​៤៨០​រៀល​វិញ នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០៕