កម្ពុជា នឹង​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​ការបង្កើត​អង្គការ ILO និង​ខួប​៥០​ឆ្នាំ នៃ​ការចូល​ជា​សមាជិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា​នឹង​ត្រៀម​រៀបចំ​ពិធី​អបអរសាទរ​ខួប ១០០​ឆ្នាំ នៃ​ការបង្កើត​អង្គការ ILO និង​ខួប ៥០ ឆ្នាំ នៃ​ការចូល​ជា​សមាជិក អង្គការ ILO របស់​កម្ពុជា តើ​សមិទ្ធផល​អ្វីខ្លះ​ដែល ជា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​អង្គការ ILO សម្រេចបាន​។

​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មាន ប្រសាសន៍ ​នៅក្នុង​កិច្ចប្រជុំ​ត្រីភាគី​ថ្នាក់ជាតិ​របស់​គណៈកម្មកា​រ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន ដើម្បី​ពិភាក្សា​ការងារ​ស្តីពី​វឌ្ឍនភាព នៃ​ការអនុវត្ត​អនុសញ្ញា និង​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ នា​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង ដោយមាន​ការចូលរួម​ពី​សមាគម​និយោជក តំណាង​សហជីព តំណាង​ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អគ្គស្នង ការដ្ឋាន​នគ​របាល​ជាតិ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​កិច្ច​ប្រជុំបាន​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​នាពេល​កន្លងមក ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សេរីភាព​អង្គការ​វិជ្ជាជីវៈ នៅ​កម្ពុជា និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​នៅ​សេសសល់​នៅក្នុង​អនុសាសន៍​នៃ​របាយការណ៍​បេសកកម្ម​ដោយផ្ទាល់ (DCM) របស់​អង្គការ ILO នៅ​កម្ពុជា​។

​ជា​លទ្ធផល​កិច្ចប្រជុំ​បានសម្រេច​ដាក់ចេញ​នូវ ផែនការ​ជា​ជំហាន​បន្តបន្ទាប់​ទៀត ក្នុង​ការរក​ដំណោះស្រាយ​បញ្ហា​លើ​ករណី​ចោទប្រកាន់​មេដឹកនាំ​សហជីព និង​ការពង្រឹង​យន្តការ​ក្នុង ការ​ចូលរួម​សហកា​រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ធានាថា​ការអនុវត្ត សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ ស្របទៅតាម​បទដ្ឋាន​អន្តរជាតិ និង​ច្បាប់​ជាតិ​ជា​ធរមាន​។

​លោក​រដ្ឋមន្ត្រី​បាន​ផ្តល់នូវ​អនុសាសន៍​សំខាន់ៗ ជូន​សមាជិក​គណៈកម្មកា​រ​ជាតិ ក្នុងការ​ការ ធានា​ការអនុវត្ត​សេរីភាព​អង្គការ​វិជ្ជាជីវៈ ដោយ​ស្នើសុំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​នៅ​សេសសល់ ឱ្យបាន​ឆាប់រហ័ស ស្រប​ទៅ​អនុ​សញ្ញា និង​តាម​បទ​ប្បញ្ញត្តិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕