កូរ៉េខាងត្បូង ជ្រើសរើស​ពលករ​បរ​ទេស​ជាង ៥,៦​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2018 ក+ ក-

​កូរ៉េ ៖ រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងត្បូង នឹង​ទទួលយក​ពលករ​បរ​ទេស​ចំនួន ៥,៦​ម៉ឺន​នាក់ ស្ថិតក្រោម​ប្រព័ន្ធ​អនុញ្ញាត​ការងារ​ឆ្នាំ ២០១៩ ដែលជា​ចំនួន​ដូចគ្នា​ទៅនឹង​ឆ្នាំនេះ ក្នុង​គោលបំណង​បន្ធូរបន្ថយ​កង្វះខាត​ក​ម្លាំ​ង​ពលកម្ម​នៅក្នុង​ប្រទេស​នេះ​។​

​ផែនការ​នេះ ប្រទេស​កូរ៉េ នឹង​ទទួលយក​ពលករ​ថ្មី​ចំនួន​៤,៣​ម៉ឺន​នាក់ និង​ពលករ​ដែល​វិលត្រឡប់​មកវិញ​ចំនួន ១,៣​ម៉ឺន​នាក់ ដែល​តួលេខ​នេះ បានធ្វើ​ឲ្យ​ចំនួន​ពលករ​ថ្មី មាន​តិចជាង​ឆ្នាំ ២០១៨ ប្រហែល​២.០០០ នាក់ ខណៈដែល​អ្នក​វិលត្រឡប់​មកវិញ​មាន​ច្រើនជាង​មុន​២.០០០ នាក់​ដែរ​។​

​ស្ថិតក្រោម​ប្រព័ន្ធ​អនុញ្ញាត​ការងារ​នេះ ពលករ​បរទេស​ម្នាក់​អាច​ធ្វើការ​ក្នុងប្រទេស កូរ៉េ ក្នុង​រយៈពេល​រហូតដល់ ៤ ឆ្នាំ​និង ១០ ខែ​ដោយ​កាន់​ទិដ្ឋាការ E-9 ប៉ុន្តែ​មិនអាច​ចាកចេញ ឬ​ចូល​ប្រទេស កូរ៉េ វិញ​ដោយ​កាន់​ទិដ្ឋាការ​ដូចគ្នា​ក្នុងអំឡុងពេល​នោះទេ​។ បន្ទាប់ពី​រយៈពេល ៤ ឆ្នាំ និង ១០ ខែ អ្នក​កាន់​ទិដ្ឋាការ E-9 ដែល​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​មួយចំនួន​មាន​សិទ្ធិ​ចាកចេញ និង​ចូល​ប្រទេស កូរ៉េ វិញ ដើម្បី​វិលត្រឡប់​ទៅធ្វើ​ការ​ជាមួយ​និយោជក​ចាស់​របស់​ពួកគេ​។​

​គួរ​ជម្រាប​ថា ពលករ​បរទេស​ប្រហែល ២៨.៨៨០ នាក់​នឹង​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ខាងត្បូង នៅ​ខែមករា មេសា កក្កដា និង​តុលា ដើម្បី​ធ្វើ​ការងារ ក្នុង​វិស័យ​ផលិតកម្ម ក្នុងនោះ ៦០​ភាគរយ នឹង​ចាប់​ផ្តើមធ្វើ​នៅ​ឆមាស​ទី១ ឆ្នាំក្រោយ​៕