គម្រោង​សាងសង់​ឡស​ម្ងួ​ត និង​ស្តុក​ស្រូវ​-​អង្ករ រាប់លានតោនដោយ​ក្រុមហ៊ុន​ចិន នឹង​ចាប់ផ្តើម​ឆាប់ៗ​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុមហ៊ុន​ចិន នឹង​សាងសង់​ឡស​ម្ងួ​ត​ស្រូវ អង្ករ ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​សើម​១០​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ និង​មាន​សមត្ថភាព​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត បាន​១​លាន​តោន ដែល​គម្រោង​នេះ នឹងធ្វើ​នៅក្នុង​ខេត្ត​មាន​សក្តានុពល​ក្នុង​ការផលិត​ស្រូវ​-​អង្ករ នៅ​ទូទាំង​កម្ពុជា នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ធានា​ការនាំចេញ​អង្ករ​ឱ្យបាន ១​លាន​តោន តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ថ្លែង​នៅក្នុង​ជំនួប​ភាគី​ចិន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានប្រកាស​គាំទ្រ​គម្រោង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​-​អង្ករ នេះ ទៅតាម​អនុស្សរណៈ​ដែល​បាន​ធ្វើឡើង​ជាមួយ​ភាគី​ក្រុមហ៊ុន​ចិន កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក ប៊ី គង់​មីន (BI GUANGMIN) ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation បាន​ថ្លែង​ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ នៅ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ថា តាមរយៈ​គម្រោង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​-​អង្ករ​នេះ នឹង​អាចជួយ​ជំរុញ និង​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅក្នុង​ទីផ្សារ​អន្តរជាតិ ៥០​ម៉ឺន​តោន ក្នុង​មួយឆ្នាំ​។​

​លោក​បន្តថា គម្រោង​នេះ​នឹង​អាច​បង្កើន​សមត្ថភាព​ស​ម្ងួ​ត និង​ស្តុក​ស្រូវ​-​អង្ករ កាត់បន្ថយ​ការហូរ​ចេញ​ស្រូវ​ទៅ​ប្រទេសជិតខាង ពង្រឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្រូវ បង្កើន​ការបញ្ជាទិញ​សម្រាប់​ការនាំចេញ និង​ចំណូល​ក្នុង​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា ពិសេស​ធ្វើឱ្យ​តម្លៃ​ស្រូវ​មាន​ស្ថិរភាព​សម្រាប់​កសិករ ។​

លោក​រដ្ឋមន្ត្រីក្រសួពាណិជ្ជកម្ម ក៏បាន​ស្នើឱ្យ​ភាគី​ចិន សហការ​ជាមួយ ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ខិតខំ​ធ្វើការ​សិក្សា​រៀបចំ​គំនូរ​ប្លង់​សាងសង់ សម្រាប់​ទីតាំង​នីមួយៗ ព្រមទាំង​ធ្វើបញ្ជី​ចំណាយ​លម្អិត សម្រាប់​ការងារ​សាងសង់ និង​ការបំពាក់​សម្ភារៈ​បរិក្ខា​ផ្សេងៗ ស្របតាម​ទំហំ​ទឹកប្រាក់​ដែល​រដ្ឋាភិបាល​បានកំណត់ និង​មាន​ភាពច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញ​កិច្ចការ​នេះ ទៅមុខ​បាន​រលូន និង​ទទួលបាន​ជោគជ័យ​។​

​គូសបញ្ជាក់ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម ខណៈ ភាគី​ចិន តំណាង​ដោយ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន និង​ក្រុមហ៊ុន​ស៊ី​ទីក​ហ្គ្រុ​ប (CITIC Group Corporation) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ជាមួយ​ភាគី​ចិន ដោយ​ក្រុមហ៊ុន​ចិន នឹង​ទទួល​ការងារ​សាងសង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ​នៅ​កម្ពុជា​៕