ប្រតិបត្តិការរួម ​កម្ពុជា​-​ឥណ្ឌូនេស៊ី ​សង្គ្រោះ​ពលករ​ខ្មែរ​ពី​ទូក​នេសាទ​ថៃ​បាន ១៩៩​នាក់​ទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2015 ក+ ក-

​ភ្នំពេញ​៖​ ប្រតិបត្តិការ​រួមគ្នា​មួយ ​រវាង​អាជ្ញាធរ​កម្ពុជានិង​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បានធ្វើ​ឡើង​កាលពីពេល​ថ្មីៗ​នេះ​ប្រយោជន៍​ជួយសង្គ្រោះ​ពលករ​ខ្មែរ​ដែល​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​លើ​ទូក​នេសាទ​សមុទ្រ​ថៃ​ប្រកបដោយ​គ្រោះថ្នាក់​។​

​តាម​សេចក្តីរាយការណ៍​ពី​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៩ ខែឧសភា​ថា ពលករ​ខ្មែរ​ចំនួន​១៩៩​នាក់ ដែល​រង​ការចាញ់បោក​ទៅធ្វើ​ការខុសច្បាប់​លើ​ទូក​នេសាទ​ថៃ ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​ដែនសមុទ្រ​ប្រទេស​ឥណ្ឌូណេស៊ី​។​ពលករ​ខ្មែរ​រងគ្រោះ​ទាំងនោះ​នឹងត្រូវ​បំពេញបែបបទ​ការទូត​ដើម្បី​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ​នៅក្នុង​ខែមិថុនា​នេះ​។​

​សេចក្តីរាយការណ៍​ដដែល​បន្តថា ដោយ​ពលករ​ខ្មែរ​ទាំង​១៩៩​នាក់​នោះ មិនមាន​លិខិតឆ្លងដែន​ទេនោះ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី នឹង​ចេញ​លិខិតបើកផ្លូវ​ឲ្យ​និង​នៅ​ជាមួយគ្នា​នោះ​ទៀត ស្ថានទូត​បានធ្វើ​អន្តរាគមន៍​ឲ្យ​ថៅកែ​ទូក​នេសាទ​ថៃ បើកប្រាក់​បៀវត្ស​ឲ្យ​ពួកគេ និង​ចេញ​សោហ៊ុយ​ធ្វើដំណើរ​មក​កម្ពុជា​វិញ​នៅ​ចុងខែ​មិថុនា​ឆ្នាំ​២០១៥​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី ២៧ ខែឧសភា កន្លងមកនេះ ក្រសួងការបរទេស​ក​ម្ពុ​ជា​បានចេញ​លិខិត​មួយ​ថ្លែងថា ពលករ​ខ្មែរ​ចំនួន​៥៩​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ទូក​នេសាទ​ថៃ​ក្នុង​ដែនទឹក​ឥណ្ឌូណេស៊ី និង​ពួកគេ​គ្រោង​នឹង​មកដល់​កម្ពុជា​វិញ​នៅក្នុង​សប្តាហ៍​នេះ និង​សប្តាហ៍​ក្រោយ​។​

យោងតាម​សេចក្តីជូនដំណឹង​ចុងក្រោយ របស់​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ថ្ងៃទី​២៩​ខែឧសភា ពលករ​ខ្មែរ​៧​នាក់ ត្រូវបាន​បញ្ជូនមក​ក​ម្ពុ​ជា​ហើយ​។​ចំណែក​៦​នាក់​ទៀត នឹង​មកដល់​នៅ​ថ្ងៃទី​៣០ ខែឧសភា​នេះ ហើយ​៨​នាក់​ទៀត​នឹង​មកដល់​នៅ​ថ្ងៃទី​០២ ខែមិថុនា​។​ចំណែក​ពលករ​ខ្មែរ​ប្រមាណ ១៩៩ នាក់ ដែល​ទើប​សង្គ្រោះបាន​នោះ នឹង​វិល​មក​កម្ពុជា​វិញ​នៅ​សប្តាហ៍​ទី​៣ ខែមិថុនា ខាងមុខនេះ​៕ រដ្ឋា​xmdea

ពលករ​ខ្មែរ ធ្វើការ​នៅ​ខេត្ត​ឈុន​បូរី (រូបថតៈឯកសារ)