ទុនវិនិយោគ​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ​ជាង១​ពាន់​លានដុល្លារ កើន​ឡើង​៥៨%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ ការរីកចម្រើន​របស់​វិស័យ​សំណង់​បាន​ជំរុញ​ឲ្យ​អគារ​ខ្ពស់ៗ​នៅ​ប្រទេស​កម្ពុជា​កើនឡើង​ដល់​ជាង ១ ០០០ អគារ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០១៨ ដែល​ភាគច្រើន​នៃ​សំណង់​អគារ​ថ្មីៗ​ត្រូវបាន​គេ​មើលឃើញ​មាននៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

ចំណែក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក ចេង ស្រុង បាន​ឲ្យ​ដឹងថា វិស័យ​សំណង់​ក្នុង ក្នុង​ឆ្នាំ​២០១៨​នេះ បាន​កើនឡើង​រហូតដល់ ៥៨% បើ​ធៀប​ឆ្នាំ​២០១៧ ដោយមាន​ទុនវិនិយោគ​សរុប​ជាង ១​ពាន់​លាន​ដុល្លារ​សហ​អាមេរិក​។​

​ទន្ទឹមគ្នានេះ លោក ចេង ស្រុង បញ្ជាក់ថា មាន​គម្រោង​សាងសង់​ចំនួន ២៩៧​គម្រោង ត្រូវបាន​ពិនិត្យ និង​អនុញ្ញាត​ឲ្យ​សាងសង់​។​

​លោក ចេង ស្រុង ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា គម្រោង​សាងសង់​សំណង់​ទាំង​ខាងលើនេះ គឺ​នៅលើ ផ្ទៃដី ១,៦៦៩,៥៣៦​ម៉ែត្រការ៉េ និង​មាន​ទុន វិនិយោគ​ជាង​១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕