កម្ពុជា ស្នើ​ឲ្យ​ក្រុម​ផ្លូវ​ស្ពាន​ចិន សិក្សា និង​ជជែក​ក្នុងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2019 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Coorporation CRBC) បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ឆាប់ គ្រា​ដែល​រាជរដ្ឋាភិបាល​បានធ្វើការ​ដោះស្រាយ​រួចរាល់​មកហើយ​នោះ​។​

គួរ​កត់សំគាល់ថា ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Coorpo ration CRBC) កន្លងមក​បានរួម​ចំណែក​សាងសង់​ផ្លូវ និង​ស្ពាន ជាច្រើន​ក្នុងប្រទេស​កម្ពុជា សម្រាប់​ពេលខាងមុខ ក្រុមហ៊ុន នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់ ខេត្ត​ព្រះសីហនុ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។

ជាមួយគ្នានេះ​ក្រុមហ៊ុន ក៏មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​កម្ពុជា វៀតណាម បាវិត ការស្ថាបនា​ផ្លូវ​លេខ​១៥-៥១ ដែល​ត​ភ្ជាប់​ខេត្តកោះកុង ពោធិសាត់ និង​ខេត្តបាត់ដំបង​។ ពាក់ព័ន្ធ​ផ្លូវ​ដែល​ត្រូវ​ត​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ ភ្ជាប់​ជាមួយនឹង​ផ្លូវ​ល្បឿន​លឿន គឺ​ត្រូវ​សិក្សា​ជាបន្ទាន់​ដើម្បី​សាងសង់​ត​ភ្ជាប់​។

​ដោយឡែក​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត សម្តេច​តេ​ជោ បន្តថា ក្រុមហ៊ុន​ត្រូវតែ​សិក្សា និង​ជជែក​គ្នា​បន្ថែម​ជាមួយនិង​ស្ថាប័ន​ពាក់ព័ន្ធ ដោយសារ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន សិក្សា​រួចមកហើយ​នោះ​៕