ស្ពាន​ឫស្សី កោះ​ប៉ែន កំពុងរង​ការ​គំរាមកំហែង​ពី​ទឹកទន្លេ​មេគង្គ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2019 ក+ ក-

​កំពង់ចាម ៖ ​នា​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ទៅ ពិនិត្យមើល​ស្ពាន​ឫស្សី ​កោះប៉ែន ដែល​កំពុង​រង​ការគំរាមកំហែង ដោយសារ​ការកើនឡើង​ទឹកទន្លេ​មេគង្គ ដែល​បណ្ដាលមកពី នៅ​ភាគ​ខាងលិច​ប្រទេស​ចិន ទទួលរង​គ្រោះ​ដោយ​ទឹកភ្លៀង ទើប​បណ្ដាល​ឲ្យ​ចរន្តទឹក​ទន្លេមេគង្គ មានការ​កើនឡើង គួរអោយកត់សម្គាល់​។

ការកើនឡើង​នេះ បើតាម​របាយការណ៍ របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម បានអោយ ដឹងថា មាន​រយៈពេល​ប្រមាណ​ជាមួយ​សប្តាហ៍ នឹង​អាច​ស្រក​ទៅវិញ​។​

​ឯកឧត្តម គួច ចំរើន ក៏បាន​បញ្ជាក់​ផងដែរ​ថា​ថ្វីដ្បិតតែ ទឹកទន្លេ មេគង្គ កើនឡើង​ដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​ស្ពាន​ឫស្សី​នេះ ក៏ពិតមែន តែ​ឯកឧត្តម ក៏បាន​បញ្ជា​ឲ្យ​អ្នកជំនាញ​ការជួសជុល ស្ពាន​នេះ​ឡើងវិញ ដើម្បី​ឲ្យ​ទាន់​ស្របពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម នាពេល​ខាងមុខនេះ ដែល​អាចអោយ​បងប្អូន​ប្រជាពលរដ្ឋ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ បានមក​មើល​ឆ្លងកាត់ និង​ធ្វើដំណើរ​កំសាន្ត​ទៅលេង​ឆ្នេរ​កោះ​ប៉ែន​ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ​។​

​គួរ​បញ្ជាក់ថា ទោះជា​ទឹកទន្លេរ​មេគង្គ​បាន​ហក់​ឡើង​ខ្ពស់​បន្តិច​ក្តី តែ​មិនបាន​ធ្វើអោយប៉ះពាល់​ដល់​ការប្រកប​របប​ចិញ្ចឹមជីវិត របស់​បងប្អូន​នៅតាម​ដង​ទន្លេ​នោះទេ​៕ ដោយ ៖ សុផល​