ចិន ផ្តល់​ជំនួយឥតសំណង​៦០០​លាន​ដុល្លារ ដល់​កម្ពុជា និង​បង្កើន​ការទិញ​អង្ករ ច្រើនជាង​មុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2019 ក+ ក-

​ភ្នំពេញ ៖ ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​(​ចាប់ពី​ថ្ងៃទី​២០ ដល់​២៣​មករា​) របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន បាន​នាំមក​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ដោយ​ប្រទេស​ចិន បានសម្រេច​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ចំនួន ៤​ពាន់​លាន​យ័ន ដែល​ប្រហែលជា ៦០០​លាន​ដុល្លារ អាមេរិក​។

​ជាមួយគ្នានេះ លោក ស៊ី ជីន​ពីង ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅ​ឆ្នាំ​២០១៩ ចិន​នឹង​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​កំរិត ៤០​ម៉ឺន​តោន និង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម ចិន កម្ពុជា ឲ្យ​កើន​ដល់ ១០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៣ ដោយ​រួមទាំង​ការបន្ត​លើកទឹកចិត្ត​អ្នកវិនិយោគទុន​ចិន ទៅធ្វើ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បានចាត់ទុក​ទំនាក់ទំនង​រវាង ចិន និង​កម្ពុជា គឺជា​ទំនាក់ទំនង​ដ៏​ពិសិដ្ឋ និង​សំខាន់បំផុត បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ផ្សេងទៀត​៕