ក្រុមហ៊ុន​មកពី​ឥណ្ឌា នឹង​ចាប់ផ្តើម​ចម្រាញ់​រ៉ែ​មាស នៅ​កម្ពុជា នៅ​ចុង​ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2019 ក+ ក-

​ភ្នំពេញ ៖ លោក យស មុនី​រ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​កាលពីដើម​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន​រ៉ែ​មាស​មាន​មូលដ្ឋាន​នៅ​ប្រទេស ឥណ្ឌា Mesco Gold ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​កម្ពុជា គ្រោង ចាប់ផ្តើម​ការ​ចម្រាញ់​រ៉ែ​មាស​នៅ​កម្ពុជា​ជា​លើកដំបូង​នៅ​ចុង​ឆ្នាំនេះ ខណៈ​ក្រុមហ៊ុន​កំពុង​ដំឡើង​ផលិតកម្ម​ចម្រាញ់​រ៉ែ​មាស​នៅ​គម្រោង​រ៉ែ​មាស ភូមិ​ស៊ី​យ៉ា​រុង ក្នុង​ខេត្តរតនគិរី​។

​លោក យស មុនី​រ៉ាត់ Mesco Gold (Cambodia) បានទទួល​ការអនុញ្ញាត​ដើម្បី​ប្រតិបត្តិការ​អាជីវកម្ម រួមមាន​ការវាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ដោយ​ក្រសួងបរិស្ថាន ទទួលបាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ពាណិជ្ជកម្ម និង​ទទួលបាន​ការអនុម័ត​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​លោក​បន្តថា ការវាយតម្លៃ​បរិស្ថាន និង​ផលប៉ះពាល់​សង្គម (ESIA) របស់​ក្រុមហ៊ុន Mesco គ្របដណ្ដប់​លើ​ផ្ទៃដី​សរុប ១២ គីឡូម៉ែត្រ​ក្រឡា ប៉ុន្តែ​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​គ្របដណ្ដប់​លើ​ការផលិត​លើ​ផ្ទៃដី ១​គីឡូម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ​។​

​គួរ​ជម្រាប​ថា Mesco Gold (Cambodia) បាន​ទិញ​សិទ្ធិ​ដើម្បី​អភិវឌ្ឍ​អណ្ដូងរ៉ែ និង​រុករក​រ៉ែ​នៅ​ភូមិ​ស៊ី​យ៉ា​រុង​ពី​ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស កាណាដា Angkor Gold Corp កាលពី​ឆ្នាំ ២០១៣ ក្នុង​កិច្ចព្រមព្រៀង​លក់​មានតម្លៃ ១,២ លាន​ដុល្លារ​។ ក្រុមហ៊ុន Angkor Gold Corp ប៉ាន់ប្រមាណ​ថា រ៉ែ​នៅក្រោម​ដី​នៅ​ក្នុងភូមិ​ស៊ី​យ៉ា​រុង ខេត្តរតនគិរី ទាញយក​រ៉ែ​មាស​រហូតដល់ ១០ ឆ្នាំ ដែល​អាច​ផលិត​មាស​បាន ១០ ០០០ អោ​សន៍​ក្នុង​មួយឆ្នាំ​៕