រតនគិរី ៖ ឈើហ៊ុបធំៗមានអាយុកាលរាប់រយឆ្នាំ ត្រូវបានមេឈ្មួញម្នាក់ឈ្មោះ ស៊ីនឿន ប្រើប្រាស់រថយន្តបង្កុងដឹកចេញពីព្រៃ ឆ្ពោះទៅលក់នៅវៀណាម តាមច្រកទ្វារអន្តជាតិអូរយ៉ាដាវ យ៉ាងរលូនគ្មានការបង្ក្រាបពីសមត្ថកិច្ចឡើយ។ មិនបង្ក្រាប ដោយសារ
មានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចចច្រកទ្វារព្រំដែន ដែលត្រូវគេចោទប្រកាន់ថា គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ។
ប្រជាសហគមន៍ការពារព្រៃឈើនៅឃុំញ៉ាង ស្រុកអណ្ដូងមាស បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ មេឈ្មួញឈ្មោះ ស៊ីនឿន បាននាំយកម៉ាស៊ីនអារឈើ និងរថយន្តរាប់សិបគ្រឿងចូ លទៅក្នុងព្រៃសហគមន៍ក្បែរភូមិ បាដល ឃុំញ៉ាង ហើយកាត់រំលំដើមឈើធំៗ និងអារច្រៀកដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ធ្វើឲ្យព្រៃឈើក្នុងតំបន់សហគមន៍ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស រងការវិនាសស្ទើរអស់ទាំងស្រុងហើយ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា មេឈ្មួញឈ្មោះ ស៊ីនឿន ធ្វើសកម្មភាពកាប់ឈើក្នុងព្រៃសហគមន៍ ដោយប្រើប្រាស់មនុស្សជំនិតរបស់ខ្លួនឈ្មោះ ឲ្យឈរបែងចែកលុយរាប់ម៉ឺនដុល្លារ ទៅឲ្យមន្ត្រីពាក់ព័ន្ធមួយចំនួន ក្នុងនោះក៏មានប្រធានសហគមន៍ឈ្មោះ រចំ ស្មើល ផងដែរ ទើបបទល្មើសបំផ្លាញព្រៃឈើក្នុងតំបន់ការពារដោយសហគមន៍ ត្រូវបានបំផ្លាញយ៉ាងគំហុកដោយគ្មានការទប់ស្កាត់ឡើយ។ ប្រភពដដែលបន្តថា មន្ត្រីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ក្នុងស្រុកអណ្ដូងមាស នាំគ្នារក្សាភាពស្ងប់ស្ងាត់ ដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងក្រអឺតក្រទម។
មន្ត្រីអាជ្ញាធរមូលដ្ឋានមួយរូបក្នុងឃុំញ៉ាង សុំមិនប្រាប់ឈ្មោះ បានបង្ហើបឲ្យដឹងថា កន្លងមកមេឈ្មួញឈ្មោះ ស៊ីនឿន បានជួលឲ្យប្រជាពលរដ្ឋចូលកាប់ឈើយ៉ាងគគ្រឹកគគ្រេងក្នុងព្រៃសហគមន៍ក្បែរភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់ចំណុចបង្គោលលេខ១៤ និងលេខ១៥ ក្នុងស្រុកអណ្ដូងមាស តាមទំនើងចិត្ត។
ប្រភពដដែលបន្ត ថា ឈើហ៊ុបធំៗ ត្រូវបានឈ្មោះ ស៊ីនឿន បញ្ជ្យដឹកតាមរថយន្តកែច្នៃទម្លាក់ចូលក្នុងទឹកទន្លេសេសាន រួចបណ្ដែតជាក្បូនឆ្លងចូលទៅប្រទេសវៀតណាម តាមច្រកទ្វារយ៉ាងរលូន ។ ករណីដឹកចេញយ៉ាងរលូន មិនមែនសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ជំនាញខ្លាចឈ្មោះ ស៊ីនឿន នោះទេ តែគឺដោយសារទទួលសំណូកពីឈ្មោះ ស៊ីនឿន រួចហើយ។
បើទោះបីជាសកម្មភាពជួញដូរឈើខុសច្បាប់បានកើតមានក្នុងខេត្តមួយនេះ យ៉ាងអនាធិបតេយ្យបែបនេះក្តី ក៏គេសង្កេតឃើញថា លោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏ដូចជាលោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី និងលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ហាក់ដូចជាស្ងៀមស្ងាត់បណ្ដោយឲ្យមេឈ្មួញឈ្មោះ ស៊ីនឿន និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ សូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើដែលចុះទៅបំពេញបេសកកម្មក្នុងខេត្តរតនគិរី ម្តងម្កាល ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនយល់ច្រឡំ និងចោទប្រកាន់ទៅដល់ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕