ខេត្តរតនគិរី ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើពីក្រុមឈ្មួញល្បីៗមួយចំនួន ក្នុងនោះរកស៊ីធំជាងគេគឺឈ្មោះ ណុប វណ្ណៈ និង ហូ ជីវ៉ៃ បានកម្រើកឡើងវិញហើយនៅដើមខែមករា នេះ នៅចំណុចភូមិមាលូ ភូមិភិ ឃុំញ៉ាង ស្រុកអណ្តូងមាស និងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្រោមការគុបគិតគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីគ្រប់ជំនាញ ដែលមានអ្នករត់ការបិទមាត់សមត្ថកិច្ចតាំងពីក្នុងព្រៃ រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ។
ប្រភពស្និទ្ធនឹងមន្ត្រីជំនាញមួយរូប បានបង្ហើបថា មេឈ្មួញឈើល្បីឈ្មោះ ណុប វណ្ណៈ និងឈ្មោះ ហូ ជីវ៉ៃ បានប្រើប្រាស់តួនាទីជាមន្ត្រីអាវុធហត្ថ ដើម្បីរកស៊ីឈើខុសច្បាប់ក្នុងខេត្តរតនគិរី ដោយគ្មាននរណាហ៊ានរំខានឡើយ។ ករណីមិនបង្ក្រាបនេះ ទើបលោក ថង សាវុន អភិបាលខេត្តនិងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើត្រូវបានគេរិះគន់ស្ទើរបែកផ្សែងក្នុងខេត្តរតនគិរី ថា អស់លោកទាំងនោះ បានគុបគិតគ្នាជាមួយមេឈ្មួញ ហូ ជីវ៉ៃ ។
ប្រភពដដែលបានបន្តថា ឈ្មួញ ហូ ជីវ៉ៃ បានចំណាយលុយរាប់សែនដុល្លារក្នុងមួយខែៗ ទៅឲ្យស្ថាប័នជំនាញពាក់ព័ន្ធចំនួនគ្រប់អង្គភាព ដែលអង្គុយចាំរាប់ក្បាលឡានយកលុយ ជាថ្នូរការមិនបង្ក្រាបមុខជំនួញឈើខុសច្បាប់នេះ។ មេឈ្មួញឈើទាំងពីររូបខាងលើនេះ បានយកលុយពីឈ្មួញឈើជនជាតិវៀតណាមរាប់សែនដុល្លារ យកមកចែកចាយបិទមាត់មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបើកផ្លូវឲ្យពួកគេបានសិទ្ធិដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនជាថ្មីឡើងវិញ នៅមុនបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម បន្ទាប់ពីផ្អាកមួយរយៈដោយសារបែកធ្លាយព័ត៌មានដល់មន្ត្រីកំពូលៗ ខណៈនៅពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានធ្វើការព្រមានធ្ងន់ៗទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅក្នុងខេត្តភាគឦសាន តែផ្ទុយទៅវិញលោក ថង សាវុន អភិបាលខេត្តរតនគិរី ហាក់ដូចជាមិនអើពើពីការព្រមាននេះសោះ បណ្តោយឲ្យមេឈ្មួញល្បីឈ្មោះប្រចាំខេត្តនេះ បន្តកាប់បំផ្លាញព្រៃសហគមន៍ជនជាតិភាគតិចជាប់នឹងព្រំដែន ដោយគ្មានរអែងឡើយ។
ប្រភពដដែលនេះបន្តថា ក្រៅពីកាប់បំផ្លាញព្រៃសហគមន៍ទាំងបីភូមិខាងលើ ព្រៃឈើក្នុងឧទ្យានជាតិវិរៈជ័យក្នុងស្រុកតាវែង និងស្រុកសេសាន ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកូនមុំ ស្រុកលំផាត់ ក៍ត្រូវបានមេឈ្មួញដុះស្លែល្បីឈ្មោះ ប្រចាំខេត្តរតនៈគិរី ទាំងពីរូបនេះ ចេញមុខកាងឲ្យគេចូលកាប់បំផ្លាញនៅក្នុងតំបន់មួយចំនួន និងរត់ការបើកផ្លូវដឹកឈើយកទៅលក់នៅព្រំដែនដូចគ្នានឹងសកម្មភាពរបស់ខ្លួនដែរ។
លោក អ៊ូច ឡេងវីរៈ សកម្មជនបរិស្ថានពិភពលោក បានថ្លែងថា បទល្មើសព្រៃឈើមិនអាចទប់ស្កាត់បានទេ ពីព្រោះ នេះជាមុខរបរដ៏ចម្បងរបស់បុគ្គលមានអំណាចគ្រប់គ្រងអាណាចក្រនីមួយៗ ដែលមានការឃុបឃិតគ្នា ជាប្រព័ន្ធ តាំងពីក្រោម ដល់លើ តាំងពីក្នុងព្រៃរហូតឆ្លងដែន ជាពិសេសឈ្មួញមក ពីវៀតណាម និងចិន ដែលធ្វើការនាំចេញទៅទីផ្សារអន្តរជាតិនានា ។ លោកថា នេះជាមូលហេតុនៃវិនាសកម្មព្រៃឈើនៅកម្ពុជា ដែលមិនអាចទប់ស្កាត់បាន៕