ហ្វេសប៊ុកស្ថានទូតចិន និងអាមេរិក ឆ្លើយឆ្លងគ្នាពាក់ព័ន្ធរដ្ឋប្រហារនាំឲ្យ កម្ពុជាធ្លាក់ក្នុងសង្គ្រាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2019 ក+ ក-

ភ្នំពេញ ៖ នៅយប់ ថ្ងៃទី១ខែកុម្ភៈ នេះ ស្ថានតំណាងប្រទេសចិន ប្រចាំកម្ពុជា បានផ្ញើសារ ចំអកឲ្យមន្ត្រីស្ថានទូតសហអាមេរិកនៅកម្ពុជា ថា« រដ្ឋប្រហារនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើង សង្គ្រាម រ៉ាំរៃ មិនមានទំនាក់ទំនង អ្វីនឹង“US” ទេ ប៉ុន្តែមានទាក់ទងនឹង“CIA” »…។

ការផ្ញើសារចំអកតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់អង្គទូចិន នេះ បានធ្វើឡើងនៅ ក្រោយពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានអះអាងថា សហរដ្ឋអាមេរិក មិន មានការពាក់ព័ន្ធ ទៅនឹងរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីព្រះ ប្រមុខរដ្ឋក្នុងអំឡុងទសវត្សរ៍៧០ ដែលដឹកនាំដោយសេនាប្រមុខ លន់ នល់ នោះទេ មិនតែប៉ុណ្ណោះស្ថានទូតសហរដ្ឋអាមេរិក អះអាងថា រដ្ឋាភិបាលចិន បានគាំទ្រយ៉ាង សកម្មដល់របបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

សូមជម្រាបថា ឆ្លើយតបជាមួយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bong Kla ដែលបានសរសេរថា ” ប្រសិនបើអាមេរិក មិនជួយ លុនណុល ទម្លាក់សម្តេចតាទេ ក៏គ្មានខ្មែរក្រហមដែរ”។ស្ថាន ទូត អាមេរិក ប្រចាំកម្ពុជា បានសរសេរខំមេន ឆ្លើយតបវិញថា ”សូមអរគុណចំពោះមតិ របស់លោកអ្នក។

តែយើងសូមធ្វើការកត់សំគាល់ថា សហរដ្ឋអាមេរិកមិនមានការពាក់ព័ន្ធ ទៅនឹងរដ្ឋប្រហារ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋក្នុងអំឡុងទសវត្សរ៍៧០ ដែលដឹកនាំ ដោយសេនាប្រមុខ លន់ នល់ នោះទេ។

ស្ថានទូតចិនប្រចាំកម្ពុជា បានប្រតិកម្មភ្លាមៗ បន្ទាប់ពីហ្វេសប៊ុកផេករបស់ស្ថានទូត អាមេរិក នៅទីក្រុងភ្នំពេញ បានសរសេរដោយភ្ជាប់របបខ្មែរក្រហម ទៅនឹងការ ទទួល ខុសត្រូវរបស់ប្រទេសចិន។ ហ្វេសប៊ុកផេករបស់ស្ថានទូតចិន បានលើកឡើងថា ក្នុង ពេល ថ្មីៗនេះ ស្ថានទូតប្រទេសមហាអំណាចមួយប្រចាំកម្ពុជា បានលើកឡើង ជាសាធារណៈ ថា ប្រទេសខ្លួនមិនជាប់ទាក់ទងអ្វីជាមួយនឹងរដ្ឋប្រហាសម័យ លុន នល់ នៅក្នុងប្រទេស កម្ពុជាកាលពីដើមទស្សវត្សរ៍ទី៧០ នៃសតវត្សមុនទេ។ ជាការពិតណាស់ រដ្ឋប្រហាដែលនាំ ឲ្យកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាមរ៉ាំរ៉ៃ អស់រយៈពេលយ៉ាងយូរនោះ មិនមានទំនាក់ទំនងអ្វី នឹង “US” ទេ ប៉ុន្តែមានទាក់ទងនឹង“CIA” ។

គួររំលឹកថា ជារឿយៗ សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក ជាអ្នកគាំទ្រសេនាប្រមុខ លន់ នល់ ឲ្យធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ទើប កើតមានរបបប្រល័យពូជសាសន៍ខ្មែរក្រហមកើតឡើងនៅកម្ពុជា៕